សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍លទ្ធផលមហាសន្និបាតលើកទី៤៦

នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងគូឡាឡាំពួ។
កិច្ចប្រជុំពេញអង្គលើកទី២ បានស្តាប់របាយការណ៍ លទ្ធផលការងារដែលគណៈកម្មាធិការនានា របស់អាយប៉ាលើកទី៤៦ បានប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន៤៣ ក្នុងនោះមាន គណៈកម្មាធិការនយោបាយចំនួន៩ ក្នុងចំណោមសេចក្តីសម្រេចទាំង៩នេះ សភាកម្ពុជាអ្នកផ្តួចផ្តើមសេចក្តីស្នើចំនួន១និងសហគាំទ្រចំនួន១, គណៈកម្មាធិការសេដ្ឋកិច្ចបានអនុម័តសេចក្ដីសម្រេចចំនួន៧ ក្នុងនោះសភាកម្ពុជាជាសហគាំទ្រចំនួន៣, គណៈកម្មាធិការសង្គមកិច្ចចំនួន៥ ក្នុងនោះ សេចក្តីសម្រេចដែលសភាកម្ពុជាជាសហគាំទ្រចំនួន២, គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ាចំនួន៣ សភាកម្ពុជាធ្វើជាសហគាំទ្រចំនួន៣, គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ាចំនួន៣ សេចក្តីសម្រេចដែលសភាកម្ពុជាជាសហគាំទ្រចំនួន២ និងគណៈកម្មាធិការរៀបចំចំនួន១៥។
សូមជម្រាបថានៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចទាំង៤៣ ដែលបានអនុម័តនាពេលនេះ មានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣ ដែលសភាកម្ពុជាបានផ្តួចផ្តើមឡើង មានសេចក្តីសម្រេចស្តីពី ការជំរុញគំនិតផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី សេចក្ដីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និង សេចក្ដីព្រាងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។
នៅក្នុងកិច្ចពិភាក្សាការងាររវាងសភាសង្កេតការណ៍អាយប៉ា និងអាយប៉ាក្រោមប្រធានបទស្ដីពី “មជ្ឈភាពអាស៊ាន៖ ការកសាងនិម្មាបនកម្មតំបន់ប្រកបដោយបរិយាបន្នដើម្បីអនាគតមានចីរភាព” អាយប៉ាបានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន១៦ប្រទេស។
ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ អាយប៉ាបានរៀបចំមហាសន្និបាតប្រចាំឆ្នាំជាទៀងទាត់ ដើម្បីពង្រឹងវិស័យការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគាំទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ានដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។
ជាការកត់សម្គាល់នៅក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ ចាប់ពីថ្ងៃទី១៧ ខែកញ្ញាមកដល់ថ្ងៃនេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមវេទិកានិងកិច្ចប្រជុំពាក់ព័ន្ធទំាងអស់នៃមហាសន្និបាត។ នៅក្នុងនោះ សម្តេចប្រធានរដ្ឋសភា ក៏បានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយបណ្តាគណៈប្រតិប្រទេសជាមិត្តមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំាងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ក្នុងនាំមកនូវយកផលប្រយោជន៍ជូនប្រទេសជាតិ ទំាងការងាររដ្ឋសភា វិស័យសង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន។
មុនបញ្ចប់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា រួមជាមួយប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា បានអញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតអាយប៉ាលើកទី៤៦ ប្រកបដោយផ្លែផ្កានិងអត្ថន័យ នៅក្នុងការលើកកម្ពស់ការទូតសភា ពង្រឹងកិច្ចសហប្រតិបត្តិការអាយប៉ានិងអាស៊ាន ដើម្បីសម្រេចចក្ខុវិស័យអាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល៕