ឯកឧត្តម ឈាងវុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចនៃមហាសន្និបាត អាយប៉ាលើកទី៤៦ នាទីក្រុងគូឡាឡំាពួនៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៥នេះ។
កិច្ចប្រជុំគណៈកម្មាការសេដ្ឋកិច្ចអាយប៉ា ប្រជុំពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចចំនួន៧ក្នុងនោះសេចក្តីព្រាងច្បាប់ចំនួន៤ ដែលសភាកម្ពុជាបានសហការគំាទ្រ។
សេចក្តីព្រាងសេចក្តីសម្រេចដែលសភាកម្ពុជាសហការគំាទ្រ មានសេចក្តីព្រាងសេចក្តីសម្រេច ការពង្រឹងសមត្ថភាពសហគមន៍អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការអន្តរសភាលើសេដ្ឋកិច្ចបៃតងនិងខៀវក្នុងតំបន់អាស៊ាន ដែលផ្តួចផ្តើមឡើងដោយសភាប្រទេសឥណ្ឌូណេស៊ីនិងសភាប្រទេសម៉ាឡេស៊ី។
សេចក្តីព្រាងសេចក្តីសម្រេច ការលើកកម្ពស់តួនាទីរបស់សភា ក្នុងការជំរុញពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ដើម្បីកំណើនអាស៊ានប្រកបដោយបរិយាបន្ននិងចីរភាព ដែលផ្តួចផ្តើមឡើងដោយសភាប្រទេសវៀតណាម។
សេចក្តីព្រាងសេចក្តីសម្រេចតួនាទីរបស់សភាប្រទេសជាសមាជិកអាស៊ានក្នុងការធានាសន្តិសុខថាមពលប្រកបដោយចីរភាពនិងសមធម៌ ដែលផ្តួចផ្តើមឡើងដោយសភាប្រទេសវៀតណាម។
សេចក្តីព្រាងសេចក្តីសម្រេច ការទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និងបរិវត្តកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការអន្តរសភាដើម្បីកំណើនប្រកបដោយបរិយាបន្ននិងចីរភាពក្នុងតំបន់អាស៊ាន ផ្តួចផ្តើមឡើងដោយសភាប្រទេសឡាវ ម៉ាឡេស៊ីនិងវៀតណាម៕