លោក ឡុង ឌីម៉ង់ តំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញអំពី «ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»

[គួយលីន] ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមជាវាគ្មិនក្នុង «វេទិកាអភិបាលក្រុងអាស៊ាន-ចិន ឆ្នាំ២០២៥» (ASEAN-China Mayors’ Forum 2025) ក្រោមមូលបទ “កសាងលំនៅឋានល្អទាំងអស់គ្នា រួមគ្នាជំរុញការអភិវឌ្ឍនគរូបនីយកម្មចិន និងអាស៊ានប្រកបដោយចីរភាព” ដែលមានប្រតិភូតំណាងប្រទេសជាសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍អាស៊ាន រួមមានប្រ៊ុយណេ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ វៀតណាម និងទីម័រខាងកើត និងតំណាងសហគ្រាសធំៗ ចម្រុះជាតិសាសន៍ចូលរួមសរុបសមាសភាពប្រមាណ ៩៥០រូប នៅទីក្រុងគួយលីន តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនេះ លោកអភិបាលរង បានធ្វើបទបង្ហាញជូនអង្គវេទិកាទាំងមូល អំពី «ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និងបានរំលេចអំពីលក្ខណៈពិសេសសំខាន់ៗរបស់ខេត្តរាប់ចាប់ពី គុណប្រយោជន៍យុទ្ធសាស្ត្រក្នុងតំបន់ រហូតដល់គោលនយោបាយ និងយន្តការគាំទ្រនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសវិស័យសក្តានុពលដែលកំពុងមានតម្រូវការវិនិយោគដូចជា៖ ឧស្សាហកម្ម, កសិ-ឧស្សាហកម្ម, ដឹកជញ្ជូននិងភស្តុភាកម្មទំនើប។

គួរបញ្ជាក់ផងដែរថា វេទិកានេះត្រូវបានសហការរៀបចំឡើងដោយសមាគមអភិបាលក្រុងចិន (China Association of Mayors) និងនាយកដ្ឋានលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុង-ជនបទនៃតំបន់ស្វយ័តក្វាងស៊ី ក្នុងគោលបំណងដើម្បីរឹតបន្តឹងចំនងមិត្តភាពរវាងចិន នឹងអាស៊ាន, ធ្វើបច្ចុប្បន្នភាពគម្រោងអភិវឌ្ឍនគរូបនីយកម្មសំខាន់ៗរបស់ប្រទេសជាសមាជិក និងចែករំលែកបទពិសោធន៍ ឧត្តមានុវត្ត ជាពិសេសបច្ចេកវិទ្យាទំនើបថ្មីៗ ដែលជាអាចបម្រើក្នុងវិស័យសំណង់ និងនគរូបនីយកម្ម។