សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៦

នៅមុនពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៦ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអាយប៉ា  គណៈប្រតិភូសភាសង្កេតការណ៍ ដៃគូរបស់អាយប៉ា បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA)លើកទី៤៦។

ឯកឧត្តមប្រធានអាយប៉ាលើកទី៤៦ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់វត្តមានគណៈប្រតិភូចូលរួមទាំងអស់ ដែលការណ៍នេះឆ្លុះបញ្ចាំងពីចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៃគ្រួសារអាយប៉ា និងអាស៊ាន ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការទទួលបដិសណ្ឋារកិច្ច និការរៀបចំមហាសន្និ បាតអាយប៉ាលើកទី៤៦ ប្រកបដោយអត្ថន័យ និងបានជូនពរដល់រដ្ឋសភាប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរៀបចំមហាសន្និបាតលើកទី៤៦របស់សភាម៉ាឡេស៊ីប្រកបដោយភាពអធិកអធមនិងអត្ថន័យដ៏សំខាន់នៅក្នុងការលើកកម្ពស់កិច្ចសន្ទនា ក្រោមស្មារតីអាស៊ាន ក្នុងការកសាងសហគមន៍មួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួមជាមួយបណ្តាប្រទេសជិតខាងទាំងអស់ជាសមាជិក។ ។ អាស៊ាននិងអាយប៉ាដើរតួនាទីស្នូលក្នុងការថែរក្សាសន្តិភាព និងវិបុលភាពក្នុងតំបន់និងសកលលោក។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ឆ្នាំ២០២៥ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា៕