ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាព និងសុខភាពការងារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពី៖ «សុវត្ថិភាព និងសុខភាពការងារ» ក្រោមអធិបតីភាព លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយការចូលរួមពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក តំណាងភាគីអង្គការអន្តរជាតិខាងការងារ(ILO) ព្រមទាំងអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូរពាក់ព័ន្ធសរុបប្រមាណ ១៣៥រូប ។
សិក្ខាសាលាលើសេចក្តីព្រាងច្បាប់នេះមានគោលបំណងកំណត់ និងគ្របដណ្តប់លើបញ្ហាពាក់ព័ន្ធអំពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅតាមសហគ្រាស គ្រឹះស្ថាន ស្របតាមស្តង់ដារអន្តរជាតិខាងការងារ(ILO) និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ សំដៅធានាឱ្យមានបរិយាកាសការងារល្អប្រកបដោយផាសុកភាព លើកកម្ពស់ផលិតភាពការងារ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងធានាបាននូវសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០២៥០។ ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញបេសកកម្មក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរអាចទទួលបានការងារប្រកបដោយគុណភាព ដែលជាប្រភេទការងារសមរម្យស្របតាមនិយមន័យសកល ដែលត្រូវបានកំណត់ដោយអង្គការ ILO ដែលកម្ពុជាជាសមាជិក។
ដើម្បីជាធាតុចូលសម្រាប់កិច្ចពិភាក្សានាថ្ងៃនេះ លោកជំទាវ បានលើកទឹកចិត្តដល់ត្រីភាគីកម្ពុជា ក្នុងការពិភាក្សាដោយឈរលើគោលការណ៍ ឈ្នះ-ឈ្នះ-ឈ្នះ សំដៅធានាឱ្យបាននូវការកំណត់អំពីវិសាលភាព និងគោលបំណងនៃបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ព្រមទាំងដាក់ចេញនូវវិធានការក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយធ្វើការកំណត់នូវតួនាទីនិងភារកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធគឺពិតជាមានសារៈសំខាន់ ក្នុងការពិភាក្សានាថ្ងៃនេះ។