ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ឈិន កេតនា នាំយកអំណោយរបស់អន្តរក្រសួងចែកជូន ប្រជាការពារ ក្រុមអ្នកថែសួន និងក្រុមអ្នកសម្អាតតាមទីសាធារណៈ មកពីខណ្ឌដូនពេញ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្រ្តី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយនិងថវិកាមួយចំនួនរបស់អន្តរក្រសួងចែកជូនដល់ ប្រជាការពារ និងក្រុមអ្នកបោសសម្អាតតាមទីសាធារណៈ ដែលមកពី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រមាណជាង ២៧០នាក់ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសកំពុងប្រារព្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៥ ក្នុងនោះមានការអញ្ជើញចូលរួមពី លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ឈិន កេតនា មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសតែងតែរៀបចំប្រារព្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ព្រោះបុណ្យនេះជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារសំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសមនុញ្ញផល មហាកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាក លោកនេះទៅកាន់លោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិតដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។

ឯកឧត្តម បានបន្តថា កម្ពុជាមានពិធីបុណ្យធំៗច្រើន ដោយឡែកមានពិធីបុណ្យពីរ ដែលអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ឈប់សម្រាប់រយៈពេល៣ថ្ងៃ គឺ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ។ ដោយឡែកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឈិន កេតនា ក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារទាំងអស់ សូមថែរក្សាសុខភាពឲ្យបានល្អ និងធ្វើដំណើរទៅទីជិត ឬទីឆ្ងាយ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គោរពនៅច្បាប់ចរាចរណ៏ទាំងអស់គ្នា ។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់បំផុតរបស់រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ដោយបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ណែនាំឲ្យសាលារាជធានីភ្នំពេញត្រៀមរៀបចំរថយន្យក្រុងចំនួនប្រមាណ ៤៩៧គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត និងការវិលត្រឡប់មកវិញដោយឥតគិតថ្លៃ ចំនួន៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។

ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា នៃការលេចចេញជារូបរាងរបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វាអាកាសថ្មីមួយចាំទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកកាន់កម្ពុជា ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនេះស្តែងចេញពីការខិតខំអភិវឌ្ឍឥតឈប់ឈររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
សូមបញ្ជាក់ជូនថា អំណោយនិងថវិកាមួយចំនួនរបស់អន្តរក្រសួងដែលត្រូវបានចែកជូន ដល់ប្រជាពលរដ្ឋ ប្រជាការពារ និងក្រុមអ្នកបោសសម្អាតតាមទីសាធារណៈ ដែលមកពីខណ្ឌដូនពេញ រាជធានីភ្នំពេញនា ប្រមាណជាង ២៧០ នាក់ ដោយក្នុងម្នាក់ទទួលបាន៖ មី ទឹកដោះគោ ស្ករស ត្រីខកំប៉ុង នំក្រៀម សារុង ក្រមា និងថវិកាមួយចំនួនផងដែរ៕