ឯកឧត្តម កែវ បេងវឌ្ឍន៍ នាំយកបច្ច័យ និងទេយ្យវត្ថុ មានចង្ហាន់ ប្រគេនព្រះសង្ឃចំនួន ៤៨ អង្គ ដែលបាននិមន្តមកពីវត្តចំនួន ២៤ វត្តស្ថិតក្នុងឃុំភ្នំបាត ឃុំផ្សារដែក ឃុំវិហារលួងស្រុកពញ្ញាឮខេត្តកណ្តាល

ថ្ងៃទី ១៧ខែកញ្ញាឆ្នាំ ២០២៥ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិតំណាងអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអញ្ជើញនាំយកបច្ច័យ និងទេយ្យវត្ថុ មានចង្ហាន់ ៤៨ ស្រាក សាដក ៤៨ ប្រអប់ ទឹកសុទ្ធ ៤៨ កេស និងផ្លែឈើ៤៨កន្ត្រក ប្រគេនព្រះសង្ឃចំនួន ៤៨ អង្គ ដែលបាននិមន្តមកពីវត្តចំនួន ២៤ វត្តស្ថិតក្នុងឃុំភ្នំបាត ឃុំផ្សារដែក ឃុំវិហារលួងស្រុកពញ្ញាឮខេត្តកណ្តាល
ឯកឧត្តមកែវបេងវឌ្ឍន៍ បានអញ្ជើញអុជទៀន ធូប ប្រគេនគន្ធពិដោរ ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេនចំពោះព្រះសង្ឃ ទាំង២៤វត្ត និងថ្វាយបង្គំព្រះពុទ្ធបដិមា សមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ ។សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
អំណាចនៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃកាន់បិណ្ឌវេនទី១០នេះ សូមឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ឋញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងសូមទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរៈជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ ។
នាឱកាសនេះ ឯកឧត្តមបណ្ឌិត ព្រមទាំង ប្រជាពុទ្ធបរិស័ទគ្រប់រូប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សានិងឃុំគ្រងវីរៈកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ និងមានរយៈពេលវែងជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម៕