មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញដល់មន្ត្រីទទួលបន្ទុកសាធារណមតិត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញរាជធានីខេត្តរបស់ខ្លួន

បាត់ដំបង៖ ឯកឧត្តមឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មានជំរុញដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញជុំវិញរាជធានីខេត្តរបស់ខ្លូនសម្រាប់ក្ដាប់ព័ត៌មានឱ្យជុំក្នុងការបកស្រាយ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានច្បាស់ និងលឿន ដើម្បីគ្រប់គ្រងទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិតឱ្យមានប្រសិទ្ធភាព។
ក្នុងពិធីបើកវគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមានជ័យ កំពង់ឆ្នាំង និងមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តបាត់ដំបង ឯកឧត្តមឆាយ សុផល តំណាងឯកឧត្តមនេត្រ ភាក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់។ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។
សំឡេង៖ « ក្នុងនាមអ្នកសារព័ត៌មានយើងត្រូវប្រឈមនូវទស្សនចម្រុះ គឺមកពីខាងក្នុងផង និងមកពីខាងក្រៅប្រទេសផង ដូច្នេះយើងត្រូវស្វែងយល់រៀនសូត្រឱ្យទាន់នូវបច្ចេកវិទ្យា និងចេះសម្របសម្រួលជាមួយមន្ទីរផ្សេងៗ ក្នុងនាមអ្នកគាំទ្រ និងអ្នកសម្របសម្រួលដើម្បីបានដំណឹងផ្សព្វផ្សាយដល់សាធារណជនផង ថ្នាក់ដឹកនាំខេត្ត និងបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានផង។»
ឯកឧត្តមបញ្ជាក់ថា មន្ទីរព័ត៌មានរាជធានី-ខេត្ត គឺជាអ្នកសម្របសម្រួល និងជាអ្នកនាំពាក្យក្នុងខេត្ត គឺជាអ្នកពាំនាំព័ត៌មាន សំណូមពរពីមហាជនសម្រាប់ខេត្តបានដឹង និងផ្សព្វផ្សាយព័ត៌មានពីសមិទ្ធផល និងដំណោះស្រាយរបស់ខេត្តជូនដល់ប្រជាពលរដ្ឋតាមបណ្តាសហគមន៍មូលដ្ឋានបានដឹងផងដែរ។
លោកសុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានមានប្រសាសន៍ថា ក្រុមការងារសម្របសម្រួលព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានខេត្ត បានអនុវត្តតាមផែនការស កម្មភាព និងក្តាប់សភាពការណ៍ថ្មីៗ ដោយប្រកាន់ខ្ជាប់នូវ ភាពបុរេសកម្ម សកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។ ក្រៅពីនេះក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិ បានបង្កើនកិច្ចសហការល្អជាមួយ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋានក្រុងស្រុក។ ក្នុងនោះមន្ទីរបានបង្កើតច្រកព័ត៌មានតាមគ្រុបតេឡេក្រាម គឺក្រុមព័ត៌មាន និងដោះស្រាយមតិមហាជន ដែលមានថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព ក្រុង-ស្រុក ហើយបានធ្វើការឆ្លើយតប បកស្រាយរាល់ព័ត៌មានរសើបក្នុងខេត្ត និងបានទាន់ពេលវេលា ។
លោកផេង សុទ្ធី អភិបាលរង ខេត្តបាត់ដំបងបានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលបានធ្វើការងារយ៉ាងសកម្មជាមួយថ្នាក់ដឹកនាំខេត្តលើការងារព័ត៌មាន និងសាធារណមតិនេះ។ លោកបញ្ជាក់ថា វគ្គបំពាក់បំប៉ននៅខេត្តបាត់ដំបងនេះ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ចំណេះដឹងអំពីការ គ្រប់គ្រង ការចងក្រងបណ្តាញព័ត៌មាន សាធារណមតិក្នុងបរិបទថ្មី ការផលិតមាតិកា សម្រាប់ការផ្សព្វផ្សាយបែបឌីជីថល ជាពិសេសលើបណ្តាញសង្គម ការតាមដាន ការវិភាគ និងការឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ជាដើម។
លោកអភិបាលរងបញ្ជាក់ថា ការងារ គ្រប់គ្រង និងផ្សព្វផ្សាយវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តបាត់ដំបង មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក៏ប៉ុន្តែក្នុងនេះ ក៏មានបញ្ហាមួយចំនួនក្នុងខេត្ត ក៏ដូចជាព័ត៌មានទូទៅ ជាអាទិ៍៖ ព័ត៌មានក្លែងក្លាយ ព័ត៌មាន ប្រឌិត អ្នកផលិតមាតិកា (Content Com MMO, intuencer និងព័ត៌មានអសកម្មមួយចំនួន ដែលរដ្ឋបាលខេត្តត្រូវបានយកចិត្តទុកដាដាក់ និងបានរៀបចំបង្កើតឱ្យរចនាសម្ព័ន្ធគ្រប់គ្រងនៅតាមមន្ទីរអង្គភាពជំនាញក្នុង ខេត្ត តាមបណ្តារដ្ឋបាលក្រុងស្រុក និងដល់រដ្ឋបាលឃុំសង្កាត់ មានយន្តការសម្រាប់តាមដាន សាធារណមតិ បណ្តាញសង្គមនានា ដើម្បីឆ្លើយបំភ្លឺ និងបកស្រាយបានទាន់ពេលវេលាតាមរយៈ Messenger Telegram ជាដើម។
សូមបញ្ជាក់ថា វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ មានបទអន្តរាគមន៍ស្តីប្រធានបទការងារជំនាញដូចខាងក្រោម ៖ ១- បច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ ដោយឯកឧត្តមបណ្ឌិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ២- ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ដែលបង្ហាញដោយឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ៣- ការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ដោយកញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាន នៃខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ៤-ការតាមដាន វិភាគចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លាយដោយកញ្ញា ឆន ណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ៥- របៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ ដោយលោកខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលមន្ទីររាជធានីខេត្ត និងទី៦- ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ ដោយកញ្ញា ម៉ា បុប្ផាអនុប្រធាននាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ៕