“ទិសដៅទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព សំដៅបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់នៃការថែទាំសុខភាព”

“ទិសដៅទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព សំដៅបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់នៃការថែទាំសុខភាព”
____
ថ្លែងក្នុងជំនួបនេះកាលពីព្រឹកមិញនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់អង្គការ UNDP ដែលបានចូលរួមសហការគាំទ្រលើវិស័យសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដោយការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ការពង្រឹងប្រព័ន្ធសុខាភិបាល ការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត លទ្ធកម្មសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ក្នុងការឆ្លើយតបជំងឺ COVID-19 កម្មវិធីសុខភាពបែបរួមបញ្ចូលគ្នា (Integrated Health Programme) ដែលនឹងអាចរួមចំណែក ក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកល (Universal Health Coverage-UHC) និងចូលរួមចំណែកលើការកំណត់អាទិភាព ជាទិសដៅរបស់ក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអង្គការ UNDP អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច ដែលក្រសួងសុខាភិបាលកម្ពុជាបាន និងកំពុងអនុត្តនាពេលបច្ចុប្បន្ននេះ។
ភាគីទាំងពីរបាន ពិភាក្សាគ្នាលើវិសាលភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការគាំទ្រវិស័យសុខាភិបាល រួចមាន ១) ការពង្រឹងប្រព័ន្ធហិរញ្ញប្បទាន និងព័ត៌មានសុខាភិបាល (Health Financing and Information System) ២) ការលើកកម្ពស់ដំណោះស្រាយសុខាភិបាលឌីជីថល ៣)ការកែលម្អការគ្រប់គ្រងលទ្ធកម្ម និងសង្វាក់ផ្គត់ផ្គង់ ដោយប្រើដំណោះស្រាយឌីជីថលតាមតម្រូវការ ៤) ផែនទីបង្ហាញផ្លូវសម្រាប់ការផ្តល់ហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព។
លោក Enrico Gaveglia តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់កិត្តិយស និងឱកាសសម្រាប់រូបលោក និងសហការី បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ស្វែងយល់អំពីអាទិភាពវិស័យសុខាភិបាល។ ជាមួយគ្នានេះ UNDP នឹងបន្តពង្រឹងភាពជាដៃគូជាមួយ ក្រសួងសុខាភិបាល និងរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការកំណត់ទឹសដៅធ្វើទំនើបកម្មវិស័យសុខាភិបាល តាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់នៃការថែទាំសុខភាព និងដើម្បីពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័នឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ UNDP ដែលតែងតែឈរជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យសុខាភិបាលឱ្យមាននិរន្តរភាព និងសមធម៌។ UNDP មិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកប្រឹក្សាដែលគួរឱ្យទុកចិត្ត ក្នុងការជំរុញការកែទម្រង់ ពាក់ព័ន្ធនឹង សមត្ថភាពធន់នឹងបម្រែបម្រួលអាកាសធាតុ និងការនវានុវត្តឌីជីថល។ តាមរយៈការធ្វើការរួមគ្នា យើងអាចកសាងប្រព័ន្ធសុខាភិបាលឱ្យក្លាយជាប្រព័ន្ធដែលមានភាពធន់ មានសមធម៌ និងមាននិរន្តរភាព។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាស ជំនួបជាមួយលោក Enrico Gaveglia តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme-UNDP) ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល និងអង្គការ UNDP នៅទីស្តីការក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥មុននេះ។