ពលរដ្ឋ២០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ទទួលបានកញ្ចប់ជំនួយបន្ទាន់ ពីទូតជប៉ុនប្រចាំកម្ពុជា

ខេត្តព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញទទួលអមដំណើរលោក ណាហ្គាសិ កេនស៊ូកិ (Nagashe Kensuke) ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៥ ចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់ជំនួយបន្ទាន់ ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចែកជូនដល់ជនភៀសសឹកចំនួន ២០០គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានា និងជួយសម្រួលដល់ការស្ដារជីវភាពឡើងវិញបន្ទាប់ពីវិលត្រឡប់ទៅលំនៅឋានវិញ។

ក្នុងដំណើរចុះសួរសុខទុក្ខ នាំផ្ដល់អំណោយនេះក៏មានការចូលរួមពីតំណាងអង្គការយូនីសេហ្វ (UNICEF) និងអង្គការ IOM ប្រចាំនៅកម្ពុជាផងដែរ។

សូមជម្រាបផងដែរថា សប្បុរសជនជប៉ុន និងអង្គការដៃគូ បានប្រគល់ថវិកាចំនួន១លាននិង៨សែនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទុកជួយដល់ជនភៀសសឹកដែលកំពុងខ្វះខាត៕