ព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រសាសន៍ថា ការចែកបណ្ណនាពេលនេះ មានចំណុចសំខាន់ចំនួន៤ គឺ ១.ទទួលបានផលប្រយោជន៍ស្របច្បាប់ ២.ធ្វើឱ្យតម្លៃដីមានភាពរឹងមាំ និងមានស្ថេរភាព ៣.ប្រតិបត្តិការទិញ លក់ ជួល ឬបញ្ចាំ ៤.បើមានការអភិវឌ្ឍ មានការដោះដូរ (ទូទាត់សំណង) ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក យុវជនស្ម័គ្រចិត្ត នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចភាពនឿយហត់ និងថ្ងៃឈប់សំរាក ប្រឹងប្រែងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធទាំង ១១១ភូមិ នៅទូទាំងខេត្តព្រះសីហនុ ទទួលបានលទ្ធផល ល្អគួរជាទីមោទក ហើយឈានដល់ការ ចេញប័ណ្ណកម្មសិទ្ធិលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាពេលនេះ ។
ឯកឧត្តម បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធនៅទូទាំងប្រទេស ដោយ ឡែកនៅខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ព្រមទាំងថ្លែងអំណគុណមេភូមិ ចៅសង្កាត់ អាជ្ញាធរក្រុង និងខេត្ត បានខិតខំប្រឹងប្រែងផ្សព្វផ្សាយចូលរួមសហការ ដើម្បីមានភាពងាយស្រួល និងបានធ្វើការផ្តាំផ្ញើប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរមូលដ្ឋានត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គ្នានបទល្មើសអំពើលួច ឆក់ ប្លន់ គ្រឿងញៀន បងតូច បងធំ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវរាយការណ៍មកកាន់មេភូមិ មេប៉ុស្តិ៍រដ្ឋបាល ក្នុងការដានដានត្រួតពិនិត្យ ស៊ើបអង្កេតឈានទៅធ្វើការបង្ក្រាបបានទាន់ពេលវេលា ដើម្បីមូលដ្ឋានរបស់យើងមានសុខសន្តិភាព ទទួលបាននូវភ្ញៀវទេសចរ និងអ្នកវិនិ យោគមកកាន់ខេត្តព្រះសីហនុ ហើយគោលដៅរបស់សម្តេចទាំងពីរ ចង់ឃើញប្រជាពលរដ្ឋកម្ពុជា រស់នៅប្រកបដោយភាពសុខដុមរមនីយ ជីវភាពរស់នៅល្អប្រសើរ ក្រោមម្លប់សន្តិភាព ។
លោក សេង សុខណាក់ អនុប្រធានមន្ទីរដែន ដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេបសម្រាប់ភូមិ៣ ក្រុមការងារបានធ្វើការវាស់វែង និងគូរក្បាល ដីសរុបចំនួន ៣,៣២២ក្បាលដី ប្រមូល និងបញ្ចូលទិន្នន័យចំនួន ៣,១០៦ក្បាលដី ក្បាលដីដែលចេញបណ្ណបានចំនួន ២,៦២៣ក្បាលដី ក្នុងនោះ ប្រភពបានពីអំណោយរដ្ឋចំនួន ៥៨១ ក្បាលដី ប្រភពមានប័ណ្ណចាស់ចំនួន ៤៥១ ក្បាលដី (ឈ្មោះម្ចាស់ដើមចំនួន ១៥៨ក្បាលដី និងបានបង់ពន្ធជាមុនសិនចំនួន ២៩៣ ក្បាលដី)ប្រភពបានពីអំណោយឪពុកម្តាយ (ពន្ធសូន្យ) ចំនួន ៥០ក្បាលដី ប្រភពបានពីការទិញលក់ចំនួន ១ ៥៤៨ក្បាលដី (បង់ពន្ធរួចតាម យន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុងចំនួន ១៤៧ក្បាលដី និងត្រូវបញ្ជូនទៅបង់ពន្ធជាមុនសិនចំនួន ១ ៤០១ក្បាលដី) ។ លោក បានបញ្ជាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាប្រភេទបណ្ណកម្មសិទ្ធិដីធ្លី ដែល ម្ចាស់កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុ មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង ដោយសេរីបាននៅក្នុងទំហំដែលច្បាប់បានកម្រិត ។ បណ្ណកម្មសិទ្ធិដីធ្លីនេះ ជាកម្មសិទ្ធិស្ថាពរ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលមិនមានជនណាអាចក្លែងបន្លំ និងប្រើអំពើហឹង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតបានឡើយ និងជាភស្តុតាងបញ្ជាក់ពីកម្ម សិទ្ធិស្របច្បាប់ ដែលគ្មានបុគ្គលណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ ប្រសិនបើការដកហូតនេះមិនមែន ដើម្បីប្រយោជន៍សាធារណៈ បន្ទាប់ពីបានផ្តល់សំណង់ជាមុនដោយសមរម្យ និងយុត្តិធម៌ ។