ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation នឹងបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម

ក្រសួងសុខាភិបាល និងមូលនិធិ GX Foundation នឹងបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម

____

រាជធានីភ្នំពេញ៖  ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម LEUNG Chun Ying អគ្គនាយកមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន អមដោយឯកឧត្តម Wang Wenbin (វ៉ាង វិនពីន) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏មានសារសំខាន់របស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រវិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។

ជាការឆ្លើយតប ឯកឧត្តម អគ្គនាយកមូលនិធិ GX បានសម្តែងនូវការអរគុណជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។

ភាគីទាំងពីរ បានពិភាក្សាលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ រវាងមូលនិធិ GX Foundation និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ និងការទប់ស្កាត់ និងគ្រប់គ្រងហានិភ័យបណ្តាលមកពីការរាតត្បាត នៃជំងឺគ្រុនឈាម ដែលនេះនឹងរួមចំណែកដ៏សំខាន់ ក្នុងការលើកកំពស់ប្រព័ន្ធសេវាសុខាភិបាល នៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺមិនមាននរណាម្នាក់ ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។

ចុងក្រោយ  ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជាពិសេស មូលនិធិ GX Foundation ដែលបានចូលរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។