លោកស្រីនាយករដ្ឋមន្ត្រីនេប៉ាល់ថ្មី ចុះសួរសុខទុក្ខក្រុមបាតុករដែលរងរបួសនៅតាមមន្ទីរពេទ្យ ខណៈសភាពការណ៍ស្ងប់ស្ងាត់ឡើងវិញ បន្ទាប់ពីមហាបាតុកម្ម Gen Z

នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថ្មីរបស់ប្រទេសនេប៉ាល់បានអញ្ជើញចុះទៅសួរសុខទុក្ខក្រុមបាតុករដែលរងរបួសនៅក្នុងមន្ទីរពេទ្យកាលពីចុងសប្តាហ៍នេះ ខណៈដែលស្ថានភាពស្ងប់ស្ងាត់បានវិលត្រឡប់មកវិញក្នុងប្រទេសនេះបន្ទាប់ពីមានការតវ៉ាយ៉ាងកក្រើកនិងធ្វើឲ្យមនុស្សស្លាប់ជាង៥០នាក់និងបានផ្តួលរលំរដ្ឋាភិបាលក្នុងប្រទេសក្នុងរយៈពេលដ៏ខ្លីដែរ។ អតីតប្រធានតុលាការកំពូល លោកស្រី Sushila Karki ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជាស្ត្រីទីមួយរបស់ប្រទេសនៃតំបន់ហិម៉ាឡៃមួយនេះកាលពីថ្ងៃសុក្រ តាមការស្នើសុំនិងទាមទារបស់មហាបាតុកររាប់ម៉ឺននាក់ជាយុវជន Gen Z ។ អញ្ជើញសួរសុខទុក្ខអ្នករបួសចាប់ពីគ្រែមន្ទីរពេទ្យធម្មតារហូតដល់ខាងក្នុងមន្ទីរពេទ្យនៃទីក្រុង Kathmandu អ្នកតវ៉ាម្នាក់ដែលរងរបួសបានប្រាប់លោកស្រី Karki ថា៖ គាត់ពិតជាសង្ឃឹមថាប្រទេសនេះនឹងមានល្អប្រសើរឡើងវិញបាន បន្ទាប់ពីស្រមោលអន្ធកាលដ៏ខ្មៅងងឹតកាលពីសប្តាហ៍មុន។ នៅក្នុងរដ្ឋធានី Kathmandu និងតំបន់ជិតខាងមាន Lalitpur និង Bhaktapur មានក្រុមមន្ត្រីជាច្រើននាក់បានដកបម្រាមគោចរ និងប្រាប់ប្រជាជនថាពួកគេអាចផ្លាស់ទីដោយសេរីបាន ខណៈដែលទីផ្សារបានបើកឡើងវិញដែរ ហើយចរាចរណ៍បានវិលមកសភាពធម្មតាវិញ។ បាតុកម្មដ៏ធំបានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍មុន ជុំវិញបំរាមឃាត់លើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ Social Media ហើយបានប្រែក្លាយទៅជាអំពើហិង្សាមួយរំពេចនិងដ៏ធំសម្បើមយ៉ាងកក្រើកលើពិភពលោក ដោយសារក្រុមអ្នកតវ៉ាបានវាយកម្ទេចអគាររដ្ឋាភិបាល និងមានប៉ូលិសបានបើកការបាញ់ប្រហារតបតរដោយទប់ស្កាត់ផងដែរ។ ទោះបីជាការហាមប្រាមត្រូវបានលុបចោលក៏ដោយ ភាពចលាចលនៅតែបន្តកើតមានជុំវិញសោកនាដកម្មខ្លះ ពីសំណាក់ក្រុមបាតុករដែលនៅតែខឹងសម្បារជាមួយនឹងរដ្ឋាភិបាលចាស់។ បាតុកររាប់ម៉ឺននាក់បានវាយប្រហារ និងដុតបំផ្លាញអគារសភា លំនៅដ្ឋានប្រធានាធិបតី និងអគារជំនួញពាណិជ្ជកម្មធំៗរបស់អតីតនាយករដ្ឋមន្រ្តីលោក Oli ។ មកដល់ពេលនេះលោកស្រី Karki បានចូលកាន់តំណែងបន្តពីអតីតនាយករដ្ឋមន្រ្តីនេប៉ាល់លោក Khadga Prasad Oli ដែលបានលាលែងពីតំណែងកាលពីថ្ងៃអង្គារ អំលុងពេលមានមហាបាតុកម្មដ៏ក្តៅគគុក ហើយលោបានភៀសខ្លួនចេញពីលំនៅដ្ឋានផ្លូវការរបស់លោកដែរ ខណៈដែលភរិយារបស់លោកត្រូវភ្លើងឆាបឆេះ ដោយសារគំហឹងរបស់ក្រុមបាតុករ។ កងទ័ពបានកាន់កាប់តាមផ្លូវថ្នល់នៅយប់នោះ ហើយការចរចារវាងបាតុករ និងកងទ័ព និងប្រធានាធិបតីបានចាប់ផ្តើមលើសំណើររដ្ឋាភិបាលបណ្តោះអាសន្នមួយ។ អ្នកស្លាប់ជាច្រើននាក់ភាគច្រើនគឺជាបាតុករដែលត្រូវបាញ់សម្លាប់ដោយក្រុមប៉ូលីស និងខ្លះទៀតគឺជាអ្នកទោសដែលព្យាយាមវាយបំបែកពន្ធនាគារចេញមកក្រៅទូទាំងប្រទេស។ ប៉ូលិសបាននិយាយថាមន្ត្រីប៉ូលិស៣នាក់ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់សរុបដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ