រុស្ស៊ីនិងអ៊ុយក្រែនអួតអះអាងថាបានសងសឹកគ្នា! ដោយរុស្ស៊ីថាបានបាញ់ទម្លាក់ Drone ៣៦១ គ្រឿងរបស់អ៊ុយក្រែន ហើយអ៊ុយក្រែនថាបានបាញ់រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីដែរ

រុស្ស៊ី និងអ៊ុយក្រែនបានរាយការណ៍ពីបច្ចុប្បន្នភាពរបស់ពួកគេថា ពួកគេបានវាយប្រហារគ្នាទ្រង់ទ្រាយធំទៅវិញទៅមកក្នុងរយៈពេល២៤ចុងក្រោយនេះ ដោយបានកំណត់គោលដៅយោធា និងទីតាំងយុទ្ធសាស្ត្ររៀងៗខ្លួនចំពេលដែលជម្លោះកំពុងតែបន្តយ៉ាងក្តៅគគុក។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើបុគ្គលិក និងឧបករណ៍របស់អ៊ុយក្រែននៅជួរមុខជាច្រើនថ្ងៃកន្លងមក ដោយបានឈានចូលទៅក្នុងជម្រកការពារ ទីតាំងយុទ្ធសាស្ត្ររបស់ពួកគេ និងដណ្តើមកាន់កាប់មកជាអំណោយរបស់ពួកគេបន្ថែមទៀត។ ក្រសួងបាននិយាយទៀតថា៖ កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅលើទីតាំងផលិតសព្វាវុធយោធារបស់អ៊ុយក្រែន មជ្ឈមណ្ឌលគ្រប់គ្រងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ និងទីតាំងដាក់ពង្រាយបណ្តោះអាសន្នរបស់កងទ័ពអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសក្នុង១៤២ទីតាំងដែរ។ ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតប្រភេទ HIMARS មួយគ្រាប់ គ្រាប់បែកតាមអាកាសចំនួន៤គ្រាប់ និងបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៣៦១ គ្រឿងរបស់អ៊ុយក្រែន។ ជាមួយគ្នានោះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនក៏បានបញ្ជាក់តបវិញថា៖ ភាគីខ្លួនបានធ្វើកូដកម្មទៅលើរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់រុស្ស៊ី គឺរោងចក្រចម្រាញ់ប្រេងឈ្មោះ Kirishi ក្នុងតំបន់ Leningrad ដែលបណ្តាលឱ្យផ្ទុះ និងមានអគ្គីភ័យឆាបឆេះ។ ការវាយតម្លៃពីទំហំខូចខាតកំពុងបន្តតាមដាន។ មិនតែប៉ុណ្ណោះយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនក៏បានវាយប្រហារទៅលើរោងចក្រគីមីមួយនៅ Perm Krai ដោយធ្វើឱ្យខូចខាតផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធផលិតកម្មរបស់ពួកគេ។ ប៉ុន្តែរុស្ស៊ីមិនទាន់ឆ្លើយតបជាសាធារណៈចំពោះការអះអាងដែលអ៊ុយក្រែនបានអួតនោះទេ។ បន្ថែមពីលើនេះដែរ នាយកដ្ឋានស៊ើបការណ៍ចម្បងរបស់ក្រសួងការពារជាតិអ៊ុយក្រែន និងកងកម្លាំងពិសេសបានធ្វើប្រតិបត្តិការប្រយុទ្ធយ៉ាងពិសេសលើខ្សែរថភ្លើងរុស្ស៊ីកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសក្នុងទូរថភ្លើង នេះបើយោងតាមរបាយការណ៍របស់ Interfax-Ukraine កាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភពពីនាយកដ្ឋានស៊ើបការណ៍សំខាន់របស់ប្រទេសអ៊ុយក្រែន។ ចំណែកក្រុមហ៊ុនផ្លូវដែករុស្ស៊ីវិញបានបញ្ជាក់ថា ហេតុការណ៍បំផ្ទុះនោះបានបង្កឱ្យមានការពន្យារពេលសម្រាប់រថភ្លើងចម្ងាយឆ្ងាយជាង១០គ្រឿងប្រាកដមែន៕
សម្រួលអត្ថបទ៖ សុផារិន្ទ