ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លើកទឹកចិត្តមូលនិធិ GX Foundation បន្ដសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់បេសកកម្មវិស័យសុខាភិបាល, ខណៈរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អាទិភាពខ្ពស់លើវិស័យនេះ

ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកទឹកចិត្តដល់មូលនិធិ GX Foundation របស់សាធារណរដ្ឋប្រជាមានិតចិន បន្ដសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់បេសកកម្មវិស័យសុខាភិបាលនៅកម្ពុជា។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក LEUNG Chun Ying អគ្គនាយកមូលនិធិ GX (GX Foundation) និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់យកវិស័យសុខាភិបាល និងវិស័យអប់រំ ជាអាទិភាព។
ក្នុងនាមតំណាងសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏ថ្លែងអំណរគុណចំពោះសកម្មភាពជំនួយក្នុងវិស័យសុខាភិបាលតាំងពីឆ្នាំ២០១៨ (ជំនួយលើការព្យាបាលជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម) ក្នុងនោះ បានជួយពិនិត្យ និងព្យាបាលជូនពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ នៅខេត្តកំពង់ចាម, កំពង់ស្ពឺ និងខេត្តព្រៃវែង ហើយមូលនិធិក៏បានផ្ដល់ជំនួយជាមធ្យោបាយរថយន្ដសង្គ្រោះបន្ទាន់ សម្ភារៈពេទ្យ និងថ្នាំពេទ្យផងដែរ។
ឯកឧត្តម សន្ដិបណ្ឌិតនេត សាវឿន បានលើកឡើងទៀតថា ការផ្ដល់អាទិភាពលើវិស័យសុខាភិបាលនៅកម្ពុជា ធ្វើឡើងតាមរយៈការពង្រឹងមណ្ឌលសុខភាពនៅតាមមូលដ្ឋាន, ពង្រឹងពេទ្យបង្អែកតាមស្រុក និងបង្កើនសមត្ថភាពសង្គ្រោះព្យាបាលនៅតាមមន្ទីរពេទ្យខេត្ត។
ជាការឆ្លើយតប លោក LEUNG Chun Ying បានថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានផ្ដល់កិត្តិយស និងការអនុញ្ញាតឲ្យលោកបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានបង្ហាញនូវក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ លោកបានគូសបញ្ជាក់ថា GX Foundation ធ្វើការជាមួយប្រទេសចំនួន៩ ហើយសម្រាប់កម្ពុជានេះជាលើកទី១៥ហើយ ដែលលោកបានអញ្ជើញមកដល់។
អគ្គនាយកមូលនិធិរូបនេះ បានលើកឡើងថា ការបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា គឺមូលនិធិបានជួយដល់ការព្យាបាល វះកាត់ផ្នែកជំងឺភ្នែកឡើងបាយ និងគ្រុនឈាម។ តាមរយៈការជួយរួមចំណែកនេះ លោកសង្ឃឹមថា នាពេលខាងមុខ កម្ពុជានឹងលែងមានជំងឺភ្នែកឡើងបាយ ដែលបណ្ដាលឲ្យមានពិការភាពភ្នែកបន្ដទៅមុខទៀត។
មួយវិញទៀត មូលនិធិ ក៏បានយកចិត្តទុកដាក់ និងសង្កត់ធ្ងន់ទៅលើការចូលរួមប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមផងដែរ ដោយក្នុងនោះមូលនិធិបានជួយសម្ភារៈជាច្រើនដើម្បីការងារប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។ ក្នុងនោះបានសង្កេតឃើញថា ជំងឺនេះបានគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋជាច្រើនទាំងមនុស្សធំ និងកុមារ ដែលមូលនិធិនឹងបន្ដជួយកម្ពុជាធ្វើយ៉ាងណាពង្រឹងសមត្ថភាពឲ្យបានគ្រប់គ្រាន់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមនេះ។
លោកបានបន្ថែមទៀតថា នៅក្នុងពេលឆាប់ៗនេះ មូលនិធិនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ដើម្បីទស្សនកិច្ចនៅទីក្រុងហុងកុងនាពេលខាងមុខ ដើម្បីដកបទពិសោធលើការងារគ្រប់គ្រងមន្ទីរពេទ្យ។ លោកអគ្គនាយកក៏បានលើកឡើងអំពីអត្ថប្រយោជន៍នៃការព្យាបាលដោយប្រើប្រាស់ថ្នាំវេជ្ជសាស្ដ្រទំនើប គូបផ្សំជាមួយថ្នាំបុរាណ គឺថ្នាំចិនសែដែលមានជាច្រើនមុខ ដើម្បីជួយទប់ស្កាត់ និងព្យាបាលជំងឺផ្សេងៗ ហើយសង្ឃឹមថា កម្ពុជានឹងអាចពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ឱសថបុរាណផងដែរ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគាំទ្រនូវការលើកឡើង ក៏ដូចជាការប្ដេជ្ញាចិត្តរបស់លោក LEUNG Chun Ying អគ្គនាយកមូលនិធិ GX (GX Foundation) និងជំរុញឲ្យបន្ដធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីពង្រឹង ពង្រីកនូវកិច្ចសហប្រតិបត្តិការ ព្រមទាំងលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។
សូមជម្រាបថា ក្នុងឱកាសជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់លោក LEUNG Chun Ying អគ្គនាយកមូលនិធិ GX (GX Foundation) ព្រមទាំងសហការីផងដែរ ដើម្បីតបស្នងជាមួយអ្វីដែលបានលះបង់ និងជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក នឹងទៅថ្ងៃអនាគត៕