ប្រទេសសិង្ហបុរីបានចាត់បញ្ចូលបារីអេឡិចត្រូនិក ក្នុងបញ្ជីគ្រឿងញៀនថ្នាក់ C និងដាក់បន្ថែមពិន័យធ្ងន់ធ្ងរជាងមុន ចំពោះអ្នកនាំចូលនិងចែកចាយ និងអ្នកប្រើប្រាស់។

ប្រទេសនេះក៏បានបង្កើតយន្តការតាមដានការប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមគ្រឹះស្ថានសិក្សា ដោយមានការដាក់ពិន័យចំពោះសិស្ស និស្សិតដែលនៅតែបន្តជក់បារីអេឡិចត្រូនិក។
ចំពោះមន្ត្រីរាជការនិងកងកម្លាំង ដែលរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ ការកាន់កាប់ ឬចែកចាយបារីអេឡិចត្រូនិក នឹងត្រូវទទួលពិន័យរួមមានការទម្លាក់ឋានៈនិងបណ្តេញចេញ បន្ថែមលើការពិន័យជាប្រាក់។
នៅកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញសេចក្ដីណែនាំហាមឃាត់ការនាំចូល ការធ្វើអាជីវកម្ម ការចែកចាយលក់ និង ការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផល XTP និងស៊ីស្សា។ ដើម្បីការពារមូលធនមនុស្សរបស់កម្ពុជា ពីការបំផ្លាញទាំងសតិបញ្ញា និងកាយសម្បទាដោយផលិតផលទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា គួរមានគតិយុត្តនិងយន្តការរឹងមាំ ដែលមានអំណាចលើការហាមឃាត់ ការនាំចូល និងការចែកចាយលក់បារីអេឡិចត្រូនិក និងផលិតផល XTP។
លោកវេជ្ជ. មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា សំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីកាលពីពេលថ្មី បដិសេធច្រាន
ចោលការវិនិយោគលើបារីអេឡិចត្រូនិកនេះ។ ការជក់បារីអេឡិចត្រូនិក និងផលិតផល XTP បណ្ដាលឲ្យញៀននិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខួរក្បាលរបស់កុមារនិងយុវជន ធ្វើឲ្យមានរបួសសូតធ្ងន់ធ្ងរ និងប៉ះពាល់ សរីរាង្គដទៃទៀត៕