ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ដើម្បីធ្វើបច្ចុប្បន្នភាព ហើយផ្តល់នូវគោលគំនិតក្នុងការបង្កើតផែនការសកម្មភាពដ៏មានប្រសិទ្ធភាព

តាមរយៈអង្គសិក្ខាសាលានេះដែរ ក៏ដើម្បីធានាគ្រប់អង្គភាពចំណុះក្រសួងទាំងអស់ ត្រូវមានផែនការសកម្មភាព ច្បាស់លាស់ អាចវាស់វែងបាន និងមានតម្រូវការថវិកាជាក់លាក់ ស្របតាមទិសដៅយុទ្ធសាស្ត្រទាំង៥ នៃ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨
( ភ្នំពេេញ )៖ សិក្ខាសាលាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ រៀបចំដោយក្រសួងព័ត៌មាន រយៈពេល ២ថ្ងៃ បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ. ។
ឯកឧត្តម អ៊ុក សំរេច រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ផ បានជម្រាបជូនអំពីគោលបំណងនៃអង្គសិក្ខាសាលា ដើម្បីធានាគ្រប់អង្គភាពចំណុះក្រសួងទាំងអស់ មានផែនការសកម្មភាពច្បាស់លាស់ អាចវាស់ វែងបាន និងមានតម្រូវការថវិកាជាក់លាក់ ស្របតាមទិសដៅយុទ្ធសាស្ត្រទាំង៥ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។
អង្គសិក្ខាសាលាក៏មានគោលបំណង៖លើកកម្ពស់ការយល់ដឹង និងភាពប្រទាក់ក្រឡា នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ និងក្របខ័ណ្ឌអនុវត្តតាមអង្គភាព, ផ្តល់នូវគោលគំនិតក្នុងការបង្កើតផែនការសកម្មភាពដ៏មានប្រសិទ្ធភាព ដោយអាចវាស់វែងបាន និងកំណត់ពេលវេលាតាមការងារផ្ទាល់ខ្លួន,កំណត់នូវចង្កោមសកម្មភាពការងាររបស់អង្គភាព ស្របតាមអាទិភាព និងលក្ខខណ្ឌ។ ជាមួយនេះក៏ជាការពង្រឹងសមត្ថភាពអង្គភាពក្នុងការត្រួតពិនិត្យ វាយតម្លៃ និងរាយការណ៍អំពីការអនុវត្តសកម្មភាទៅមក,បង្កើននូវភាពប្រទាក់ក្រឡាក្នុងការងារដែលមានលក្ខណៈជាប្រព័ន្ធ និងយល់ច្បាស់ពីការបំពេញឱ្យគ្នាទៅវិញ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ ការរៀបចំអង្គសិក្ខាសាលានេះឡើង គឺដើម្បីពង្រឹងប្រសិទ្ធិភាពការងាររបស់ស្ថាប័ននៃក្រសួងព័ត៌មាន ជាពិេសសគឺការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវផែនការ សកម្មភាពដែលបានដាក់ចេញស្របតាមជំនាញឆ្លើយតបនឹងទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ដែលជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល។
គូររំលឹកដែរថា កាលពីកំឡុងខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន បានអនុម័តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និង សោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ដែលជាឯកសារយុទ្ធសាស្ត្រក្នុងការកំណត់នូវភារកិច្ចចម្បងស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤- ២០២៨ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ បានផ្តោតជាសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន ការរៀបចំច្បាប់និងបទដ្ឋានបច្ចេកទេស ការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងលំហព័ត៌មាន និងភាពជាដៃ គូបរិយាប័ន្ន។
ក្នុងគោលដៅប្រែក្លាយយុទ្ធសាស្ត្រនេះទៅជាសកម្មភាពជាក់ស្តែង គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ បានរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការសកម្មភាពនេះឡើង ដើម្បីធានាគ្រប់អង្គភាពចំណុះក្រសួងទាំងអស់ ត្រូវមានផែនការសកម្មភាព ច្បាស់លាស់ អាចវាស់វែងបាន និងមានតម្រូវការថវិកាជាក់លាក់ ស្របតាមទិសដៅយុទ្ធសាស្ត្រទាំង៥ នៃ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ៕