ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្តុះបណ្តាលពីការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង-ស្រុកឆ្នាំ២០២៦

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំគម្រោងថវិកា របស់រដ្ឋបាលក្រុង-ស្រុក ឆ្នាំ២០២៦ ក្រោមវត្ដមានឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម កែវ បេងវឌ្ឍន៍ បានថ្លែងថា ការរៀបចំកម្មវិធីនាពេលនេះ មិនត្រឹមតែមានសារៈប្រយោជន៍ ក្នុងការពង្រឹងសមត្ថភាពជូនដល់រដ្ឋបាលក្រុង ស្រុក ក្នុងការគ្រោងថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកា ដើម្បីស្វែងយល់បញ្ហាប្រឈមដំណោះស្រាយ និងសំណូមពរនានា ពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្ដថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលក្រុង-ស្រុកផងដែរ។
ឯកឧត្តម កែវ បេងវឌ្ឍន៍ បានបន្ថែមថា ការជួបជុំនេះ ផ្តល់ឱកាសឱ្យមានការពិភាក្សា ពិគ្រោះយោបល់ ក្នុងចំណោមតួអង្គពាក់ព័ន្ធនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាជាតិ។
ការរៀបចំគម្រោងថវិកាប្រចាំឆ្នាំ របស់រដ្ឋបាលក្រុង-ស្រុក ត្រូវបានអនុលោមតាមសារាចរណែនាំស្តីពី «ការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្តឆ្នាំ២០២៦-២០២៨ និងនីតិវិធីបច្ចេកទេស នៃការរៀបចំគម្រោងថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៦» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានរៀបចំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។
បើតាមឯកឧត្តម កែវ បេងវឌ្ឍន៍, ជាបទពិសោធន៍កន្លងទៅ ការរៀបចំគម្រោងថវិការបស់រដ្ឋបាលក្រុង ស្រុកគិតចាប់ពីឆ្នាំ២០១៤មក នៅមិនទាន់ដំណើរការបានល្អប្រសើរនៅឡើយ ពោលគឺ៖ ការអនុវត្តគោល-ការណ៍បចេ្ចកទេសនានានៅខ្លះចន្លោះ និងមានការយឺតយ៉ាវយ៉ាវ ក្នុងការផ្ញើគម្រោងថវិកាមកថ្នាក់ជាតិដើម្បីធ្វើការបូកសរុបទាន់ពេល។
ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលខ្លីនេះ ដើម្បីជាជំនួយដល់ការរៀបចំថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលក្រុង ស្រុក។ ឆ្នាំ២០២៥ គឺជាឆ្នាំទី៦ នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ។