លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន រួមជាមួយក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧​ នៅវត្តត្រពាំងតាមាន់ ស្ថិតនៅភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញ​​ និងយកគំរូដឹកនាំដ៏បុិនប្រសពឈ្លាសវៃ ប្រកបដោយគុណធម៌​ ​ជ្រះថ្លាក្នុងព្រះពុទ្ធ​សាសនា របស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និងក្រុមគ្រួសាររសាច់ញាតិបងប្អូន រួមជាមួយក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ ព្រមទាំងក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ​​ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧​ នៃពិធីបុណ្យកាន់បិណ្យ-ភ្ជុំបិណ្យ និងចូលរួមឧបត្ថម្ភ​បច្ច័យ​ដើម្បីកសាងសាលាឆ័ន នៅវត្តត្រពាំងតាមាន់ ស្ថិតក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាឱកាសចូលរួមកាន់បិណ្ឌវេនទី៧​នេះ​ដែរ​ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន​មានសទ្ធាជ្រះថ្លាបរិច្ចាគ​ទេយ្យទាន​វេរប្រគេនព្រះសង្ឃសម្រាប់​ឧបត្ថម្ភ​ក្នុងការកសាងនូវសាលាឆ័នក្នុង វត្តត្រពាំងតាមាន់​​ ជាបច្ច័យចំនួនថ ៣៦,៨៨៣,០០០រៀល(សាមសិបប្រាំមួយលានប៉ែតសិបប្រាំបីមុឺនបីរពាន់រៀល) និងបច្ច័យជាប្រាក់ដុល្លាចំនួន 600$(ប្រាំមួយរយដុល្លាអាមេរិច) ព្រមទាំងមានសម្ភារះគ្រឿងឧបភោគ​បរិភោគ​រួមមាន៖អង្ករចំនួន ៥បេ (ស្មើនិង២៥០គ.ម),ទឹកដោះគោចំនួន ១កេស,ត្រីខចំនួន ១កេស,ហ្វេសស៊ីទឹកឃ្មុំចំនួន ១កេស,ទឹកផ្លែឈើចំនួន ៤កេស,ទឹកសុទ្ធចំនួន ៤កេស,មីសួរចំនួន ១ដុំធំ,មីខ្លាឃ្មុំចំនួន ៤ កេស,ទឹកត្រីចំនួន ៥យួរ,ទឹកស៊ីអ៊ីវចំនួន ៥យួរ,ផ្លែឈើចំនួន ៣ កន្រ្តក និងបានជូនបច្ច័យដល់តាជី យាយជី ចំនួន៣៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិការចំនួន ២ម៉ឺនរៀល ថែមទៀតផងដែរ។

ជាកិច្ចបន្ទាប់​​​ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន បានអញ្ជើញរាប់បាត្រដើម្បីព្រះសង្ឃស្វាធ្យាយសត្តប្បករុណាភិធម្ម បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។និងបានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក ៕

គួររំលឹកផងដែរថា តាមរយៈការមានជំនឿ ចំពោះព្រះពុទ្ធសាសនានេះហើយ ទើបបច្ចុប្បន្ននេះ ពុទ្ធបរិស័ទកម្ពុជាគ្រប់ស្រទាប់វណ្ណៈបានរួមសាមគ្គីគ្នាកសាងនូវសមិទ្ធិផលជាច្រើនបម្រើឱ្យការរីកចំរើននិងគង់វង្សនៃព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។និងមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនខ្មែរ បានមកធ្វើបុណ្យទានសម្តែងនូវកតញ្ញូចំពោះអ្នកមានគុណ ឧទ្ទិសកុសលជូនបុព្វការីជន និងញាតកាគ្រប់សន្តាន ដែលទទួលមរណកាលទៅហើយ និងជាឱកាសបានជួបជុំក្រុមគ្រួសារ សាច់ញាតិដែលកំពុងរស់នៅទីជិតឆ្ងាយ និងជួយទំនុកបម្រុងដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់រយៈកាលត្រីមាស ចាប់ពីថ្ងៃចូលព្រះវស្សារហូតដល់ថ្ងៃចេញព្រះវស្សា។ ពិសេសពិធីបុណ្យនេះ បានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ ថែរក្សា ការពារទំនៀមទម្លាប់ ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរយើង៕