សេចក្តីប្រកាសព័ត៌មាន ស្តីពី ដំណើរទស្សនកិច្ចរបស់អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលដើម្បីចូលរួមកិច្ចប្រជុំ អគ្គព្រះរាជអាជ្ញ/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM) នៅប្រទេសឥណ្ឌូនេស៊ី

លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល នឹងដឹកនាំគណៈប្រតិភូចេញដំណើរ នៅព្រឹកនេះ ឆ្ពោះទៅកាន់ទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM) នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៥ ។ គណៈប្រតិភូគ្រោងនឹងវិលត្រឡប់ មកវិញនៅថ្ងៃទី១៧ ខែកញ្ញា។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីប្រកាសជាផ្លូវការនូវការបង្កើត PAGM ជាអង្គភាព ថ្នាក់រដ្ឋមន្ត្រីតាមវិស័យថ្មីរបស់អាស៊ាន ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកជំទាវនឹងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរគឺ សេចក្តីប្រកាសស្តីពីការបង្កើត APAGM និងលក្ខខណ្ឌយោងរបស់ APAGM។ ការបង្កើត PAGM នេះកើតឡើងបន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់ចំនួនបីលើករវាងព្រះរាជអាជ្ញា/រដ្ឋអាជ្ញានៃបណ្តារដ្ឋសមាជិកអាស៊ាន។ កិច្ចប្រជុំទាំងនោះបានប្រព្រឹត្តទៅនៅខេត្តឈុនបូរី ប្រទេសថៃ ក្នុងឆ្នាំ ២០២៣ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ ២០២៤ និងនៅខេត្តសៀមរាប ប្រទេស កម្ពុជា ក្នុងឆ្នាំ២០២៤ ។ ថ្នាក់ដឹកនាំអាស៊ានក៏បានទទួលស្គាល់ពីតម្រូវការក្នុងការបង្កើត APAGM នេះផងដែរ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ។ APAGM មានតួនាទីសំខាន់ដូចខាងក្រោម៖
ពង្រឹងកិច្ចសហប្រតិបត្តិការ: APAGM នឹងគាំទ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការផ្លូវច្បាប់អន្តរ ជាតិ ដោយផ្តោតលើការងារចោទប្រកាន់ ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ។
ដោះស្រាយឧក្រិដ្ឋកម្ម អង្គភាពនេះមានគោលបំណងបង្កើនសមត្ថភាពរបស់អាស៊ានដើម្បីដោះ ស្រាយនិងទប់ទល់ទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និង ឧក្រិដ្ឋកម្មដែលជំរុញដោយបច្ចេកវិទ្យា ។ គាំទ្ររបៀបវារៈអាស៊ាន APAGM នឹងសម្របសម្រួល ក៏ដូចជាគាំទ្រដល់បណ្តាអង្គភាពថ្នាក់រដ្ឋមន្ត្រីតាមវិស័យដទៃទៀតរបស់អាស៊ានក្នុងការអនុវត្តអាណត្តិរៀងៗខ្លួន ដើម្បីសម្រេចបាននូវ របៀបវារៈកសាងសហគមន៍អាស៊ាន ។
ការសម្រេចចិត្តក្នុងកិច្ចប្រជុំ APAGM នឹងផ្អែកលើការពិគ្រោះយោបល់ និងការឯកភាពគ្នាក្នុងចំណោម សមាជិកទាំងអស់ ។ ការបង្កើត APAGM បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ានក្នុងការគាំទ្រនិង ជំរុញកិច្ចសហប្រតិបត្តិការផ្លូវច្បាប់អន្តរជាតិ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ៕