ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី កាន់បិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម

(រាជធានីភ្នំពេញ)៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញកាន់បិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ពិធីកាន់បិណ្ឌវេនទី៦នេះបានប្រព្រឹត្តនៅនារសៀលថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនាប្រកបដោយពុទ្ធវចនៈយ៉ាងក្បោះក្បាយរំលេចឡើងនូវប្រវត្តិនិងជំនឿ ទំនៀមទម្លាប់ប្រពៃណីក្នុងការប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលមានរយៈពេល១៥ថ្ងៃ គិតចាប់តាំងពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោចខែភទ្របទ ជាថ្ងៃចុងក្រោយនៃពិធីភ្ជុំបិណ្ឌ។

សម្រាប់វេនបិណ្ឌទី៦នេះផងដែររ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត និងលោកជំទាវ ទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក៏បានអញ្ជើញចូលរួមប្រគេនយាគូចំពោះព្រះសង្ឃ ដារពិស្តាររាប់បាត្រ និងវេរភត្តាហារប្រគេនព្រះសង្ឃ ជាកិច្ចបញ្ចប់បិណ្ឌវេនទី៦។

ក្នុងពិធីកាន់បិណ្ឌនេះ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិការទាំង៧សន្តាន និងក្នុងសង្សារវដ្ត ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ជាពិសេស វីរជន និងយុទ្ធជនស្នេហាជាតិ ដែលបានពលីជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងបានបួងសួងសុំសេចក្តីសុខចម្រើនជូនជាតិមាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ៕