តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ ក្នុងបំណងដើម្បីផ្លាស់ប្ដូរយោបល់អំពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង UNDP ខណៈដែលលោកទើបត្រូវបានតែងតាំងថ្មី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងជាតំណាងថ្មីដោយបានកោតសរសើរចំពោះភាពជាដៃគូរបស់ UNDP ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់កម្ពុជា។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសមិទ្ធផលដែលស្ថាប័នទាំងពីរ បានសម្រេចកន្លងមក និងកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដំណើរការ ក៏ដូចជាការស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតដើម្បីជំរុញវឌ្ឍនភាពក្នុងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចំណែកឯ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលជាតំណាងថ្មីរបស់ UNDP បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានលើកឡើងនូវការប្តេជ្ញាចិត្តនៃស្ថាប័នរបស់លោកក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្នក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ មុននឹងបញ្ចប់កិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ UNDP ហើយជឿជាក់ថា UNDP គឺជាដៃគូយ៉ាងជិតស្និទ្ធរបស់កម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការជំរុញឲ្យមានការអភិវឌ្ឍបន្ថែមទៀតនៅកម្ពុជា៕