រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តម ឯកឧត្តម ឧត្តមសេនីយ៍ទោ មេបញ្ជាការកងយោធពលភូមិន្ទព្រុយណេ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និង
ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣២ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»។
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូយោធានៃប្រទេសប្រ៊ុយណេដារុយសាឡឹម ដឹកនាំដោយឯកឧត្តម ឯកឧត្តម ឧត្តមសេនីយ៍ទោ DATO PADUKA SÉRI HAJI MUHAMMAD HASAIMI BIN BOL HASSAN មេបញ្ជាការកងយោធពលភូមិន្ទព្រុយណេ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០២៥។ នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូយោធាជាន់ខ្ពស់នឹងមានជំនួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
ឆ្នាំ២០២៥នេះ ពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣២ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅនីតិបូជនីយដ្ឋានវិមានរដ្ឋធម្មនុញ្ញ ដោយមានការរៀបចំប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ផងដែរ។