ក្រុមបាតុករ Gen Z នេប៉ាល់ចង់បានអតីតប្រធានតុលាការ យុត្តិធម៌លោកស្រី Sushila Karki ធ្វើជានាយករដ្ឋមន្ត្រី បណ្ដោះអាសន្ន ខណៈប្រទេសកំពុងវឹកវរ

ទាហាននេប៉ាល់បានចេញមកយាមកាមតាមដងផ្លូវនានានៃរដ្ឋធានីរបស់ប្រទេសនេះចាប់ពីថ្ងៃពុធមក ហើយបានបញ្ជាឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ខណៈដែលពួកគេបានចល័តនិងព្យាយាមផ្លាស់ប្តូរនិងស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីបាតុកររាប់ម៉ឺននាក់បានសម្រុកចូល និងដុតអគាររដ្ឋាភិបាល និងវាយប្រហារអ្នកនយោបាយជាច្រើននាក់។ ការចរចារវាងតំណាងរដ្ឋាភិបាលនិងក្រុមបាតុករបានចាប់ផ្តើមក្នុងអំឡុងពេលថ្ងៃនៅទីស្នាក់ការកងទ័ពនេប៉ាល់ ប៉ុន្តែមិនមានការសម្រេចចិត្តណាមួយត្រូវសម្រេចឡើយ។ លោក Rehan Raj Dangal តំណាងឲ្យក្រុមអ្នកតវ៉ាបាននិយាយថាពួកគេបានស្នើសុំលោកស្រី Sushila Karki ជាអតីតប្រធានតុលាការយុត្តិធម៌ឲ្យដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្នសិន។ លោកស្រី Karki គឺជាស្ត្រីតែម្នាក់គត់ដែលបម្រើការងារជាចៅក្រមនៃតុលាការកំពូល។ លោកស្រីធ្លាប់បានបម្រើការងារនៅចន្លោះឆ្នាំ ២០១៦-២០១៧ ហើយក៏ជាឥស្សរជនដ៏មានប្រជាប្រិយភាពដែរ។ ហ្វូងមនុស្សតូចមួយជាច្រើនជាបានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកងទ័ព ហើយពួកគេខ្លះបានប្រឆាំងនឹង ការជ្រើសរើសលោកស្រី Karki ដែរ។ កងទ័ពប្រដាប់អាវុធដែលយាមកាមតាមតំបន់សំខាន់ៗនៃទីក្រុង Kathmandu ហាក់ដូចជាផ្តោតអារម្មណ៍ខ្លាំងលើការគ្រប់គ្រងត្រឡប់ទៅកាន់ទីក្រុងដែលត្រូវបានហ៊ុមព័ទ្ធដោយអំពើហឹង្សា និងភាពចលាចលនានាកាលពីប៉ុន្មានថ្ងៃមុន។ ក្រុមទាហានបានប្រាប់អ្នកស្រុកអំពីបម្រាមគោចរឲ្យស្ថិតនៅមួយកន្លែង ខណៈដែលពួកគេបានត្រួតពិនិត្យយានយន្ត និងមនុស្សបង្ករហេតុជាច្រើននាក់ដែរ។ កងទ័ពបានព្រមានកាលពីល្ងាចថ្ងៃអង្គារថា កងកម្លាំងសន្តិសុខបានប្តេជ្ញារក្សាច្បាប់ និងសណ្តាប់ធ្នាប់ បើទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ យោធាកម្រត្រូវបានចល័តណាស់ក្នុងប្រទេសនេប៉ាល់ ហើយដំបូងឡើយគឺពួកគេស្នាក់នៅក្នុងបន្ទាយ ដោយសារប៉ូលិសមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ សេចក្តីថ្លែងការណ៍របស់កងទ័ពបាននិយាយទៀតថា ជនសង្ស័យដែលឆ្មក់ចូលមាន២៧នាក់ត្រូវបានចាប់ខ្លួន។ មហាបាតុកម្មនោះត្រូវបានគេហៅថាជាការតវ៉ារបស់ក្រុម Gen Z ដែលបានចាប់ផ្តើមបន្ទាប់ពីរដ្ឋាភិបាលបានបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរួមទាំង Facebook, X និង YouTube ដោយលើកឡើងថាក្រុមហ៊ុនទាំងនោះបានបរាជ័យក្នុងការចុះឈ្មោះ និងដាក់ជូនរដ្ឋឲ្យត្រួតពិនិត្យជាក់ស្តែង ប៉ុន្តែធាតុពិតគឺបាតុករទាំងអស់មានគំនុំនិងខឹងសម្បារជាមួយភាពពុករលួយរបស់រដ្ឋាភិបាល និង កូនចៅមន្រ្តីនយោបាយយូរណាស់មកហើយ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ