មន្ត្រីរាជការចំនួន៤០រូប មកពីក្រសួង ស្ថាប័នចំនួន១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅសាធារណរដ្ឋឥណ្ឌា

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជូនដំណើរមន្រ្តីរាជការកម្ពុជាចំនួន ៤០រូប មកពី ១០ក្រសួង ស្ថាប័នទៅចូលរួមវគ្គបណ្តុះបណ្តាលខ្លីនៅសាធារណរដ្ឋឥណ្ឌា។
ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាបានលើកឡើងពីសារៈសំខាន់នៃការកសាងសមត្ថភាពក្នុងវិស័យ គោលនយោបាយសាធារណៈ ដើម្បីផ្តល់អភិបាលកិច្ចល្អ។ លោក បានលើកទឹកចិត្តមន្ត្រីកម្ពុជា ឱ្យបង្កើនបទពិសោធន៍សិក្សារបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា និងក្លាយជាអ្នករួមចំណែកវិជ្ជមានដល់ការ រីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងមុខងារសាធារណៈតាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបុគ្គលិក ទទួលបណ្តឹងសាធារណៈ និងសោធននិវត្តន៍នៃសាធារណរដ្ឋឥណ្ឌា។ ឆ្នាំ២០២៥ នេះគឺជាខួបលើកទី៧៣ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសាធារណរដ្ឋឥណ្ឌា ដែលទំនាក់ទំនងកិច្ចសហការទ្វេភាគីរវាងប្រទេសទាំងពីរបានបន្ត ព្រមទាំងបានផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យរួមមាន៖ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សណ្តាប់ធ្នាប់ សុខាភិបាល និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅសាធារណរដ្ឋឥណ្ឌានេះ ប្រព្រឹត្តទៅស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងបានយកចិត្តទុកដាក់លើការងារកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងសមត្ថភាពធានធានមនុស្សដែលបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភា ដែលជាអាទិភាពទី១ ក្នុងកិច្ចការងារអាទិភាពជាច្រើន។ វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលមន្រ្តីរាជការកម្ពុជាទាំង៤០រូប មកពីក្រសួង ស្ថាប័នចំនួន១០ នឹងទៅចូលរួមសិក្សាលើកនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាដែលជាកត្តាគន្លឹះសម្រាប់ការគ្រប់គ្រងដំណើរការនៃការអភិវឌ្ឍប្រទេសកម្ពុជានៅក្នុងចក្ខុវិស័យ ឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា មន្រ្តីរាជការទាំង៤០រូប ដែលទទួលបានការបំពាក់បំប៉នចំណេះដឹង និងជំនាញពីសាធារណរដ្ឋឥណ្ឌានឹងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះដើម្បីដកស្រង់ឧត្តមានុវត្តន៍និងបទពិសោធ ដើម្បីយកមកអភិវឌ្ឍនៅតាមក្រសួង ស្ថាប័នសាមីរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងស្របតាមបរិបទរបស់កម្ពុជា ហើយរួមចំណែកនូវកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីជាតិនិងប្រជាជនរបស់យើង។ ទន្ទឹមនេះ ឯកឧត្តម សង្ឃឹមយ៉ាងខ្ពស់ថា មន្រ្តីរាជការដែលចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់នឹងបំពេញតួនាទីជាអ្នកតំណាងកម្ពុជា ដើម្បីពាំនាំ ផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់កម្ពុជាជូនដល់ប្រជាជនឥណ្ឌាឱ្យបានស្គាល់ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ជាស្ពានភ្ជាប់ទំនាក់ទំនងល្អរវាងកម្ពុជានិងសាធារណរដ្ឋឥណ្ឌា តាមរយៈទំនាក់ទំនងរវាងប្រជាជននិងប្រជាជនយ៉ាងជិតស្និត។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឥណ្ឌា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អដែលបានផ្តល់ឱកាស និងការចូលរួមតាមដានចំពោះការវិវឌ្ឍស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមសង្ឃឹមថាតតិយ្យមិត្ត រួមទាំងឥណ្ឌានឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឡើងវិញនូវសន្តិភាពជាអចិន្ត្រៃយ៍ និងប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជានិងប្រទេសថៃ ដើម្បីប្រជាជនដែលបានភៀសសឹកបានវិលត្រឡប់ទៅកាន់ផ្ទះសំបែងរបស់ខ្លួនវិញ និងកងកម្លាំងដែលឈរជើងតាមតំបន់ព្រំដែនបានត្រឡប់ទៅកាន់លំនៅដ្ឋានខ្លួនវិញ និងជួបជុំគ្រួសារប្រកបដោយសុវត្ថិភាព៕