ផលិតផលខ្មែរជាង១០០ប្រភេទ ដែលមានប្រមាណ ៣០០ស្តង់ បានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» ដែលរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC)

ដើម្បីបង្ហាញអំពីសមត្ថភាព និងទេពកោសល្យរបស់កូនខ្មែរ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម (FASMEC) បានសម្រេចរៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» ដោយមានក្រុមហ៊ុន សិប្បកម្ម សហគ្រាស និងហាងជាច្រើនរបស់ខ្មែរ ប្រមាណជា ៣០០ស្តង់ តាំងបង្ហាញនូវផលិតផលរបស់ខ្លួន។

ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ FASMEC បានប្រមូលផ្តុំនូវបណ្តាក្រុមហ៊ុន សហគ្រាស សិប្បកម្មជាច្រើន ក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក ឲ្យកាន់តែមានសក្តានុពល និងបើកបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរ ស្គាល់ ផលិតផលផលិតដោយកូនខ្មែរដែលមានគុណភាពល្អ និងស្តង់ដាខ្ពស់បានកាន់តែច្រើន និងងាកមកគាំទ្រផលិតផលខ្មែរជាងផលិតផលនាំចូល។

នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ដែលជាថ្ងៃទី១ នៃពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥នេះ បានរៀបចំពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានមានប្រសាសន៍ថា ការជំរុញទីផ្សារផលិតផលខ្មែរ និងបង្កើននូវការគាំទ្រ ព្រមទាំងលើកទឹកចិត្តដល់ការផលិតក្នុងស្រុក ឱ្យខិតខំប្រឹងប្រែងក្នុងអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ឱ្យមានស្តង់ដារ គុណភាពកាន់តែប្រសើរ គឺដើម្បីបង្កើនបរិមាណផលិត និងគុណភាពផលិតផល ដើម្បីឈានដល់ការប្រកួតប្រជែង និងឈានទៅជំនួសទីផ្សារផលិតផលនាំចូលពីក្រៅប្រទេស។

ឧកញ៉ា តែ តាំងប៉ មានជំនឿជាក់យ៉ាងមុតម៉ាំថា ក្នុងពិព័រណ៌ផលិតផលខ្មែរនេះ នឹងជួយជម្រុញស្មារតីជាតិនិយមដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ឱ្យខិតខំបង្កើនផលិតភាព និងស្តង់ដារនៃការប្រកួតប្រជែង និងបង្កើននូវភាពជឿជាក់លើគុណភាពរបស់ផលិតផលខ្មែរកាន់តែច្រើនឡើង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ពិព័រណ៍ផលិតផលខ្មែរ នេះបានធ្វើឡើង ស្របពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងមានសន្ទុះប្រើប្រាស់ គាំទ្រ និងផ្តល់តម្លៃចំពោះផលិតផលក្នុងស្រុក ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងបញ្ហាជាច្រើន ព្រមទាំងជម្លោះព្រំដែនដែលបង្កឡើងពីប្រទេសជិតខាង។ ក្នុងបរិការណ៍នេះ ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ បានរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ និងមានជំនឿចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាល ក្នុងការដឹកនាំប្រទេស សំដៅបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យមានសម្ទុះខ្លាំងក្លាទៅមុខ ប្រកបដោយចីរភាព និងបរិយាបន្ន ដែលក្នុងនេះ ការពង្រឹង និងការពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុកឲ្យកាន់តែល្អ រឹងមាំ មានគុណភាព ភាពធន់ និងភាពប្រកួតប្រជែង គឺជាកត្តាដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់។

ពិព័រណ៍នេះ បានដាស់តឿនប្រជាពលរដ្ឋខ្មែឱ្យមានស្មារតី ចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន កាត់បន្ថយនូវការពឹងផ្អែកលើផលិតផលបរទេស ដើម្បីទទួលបាននូវភាពឯករាជ្យផ្នែកសេដ្ឋកិច្ច បង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក ដែលជាកត្តាឡីករយ៉ាងសំខាន់ក្នុងការជម្រុញចរន្តសេដ្ឋកិច្ចជាតិកាន់តែមានស្ថិរភាព និងនិរន្តភាព។

សូមជម្រាបជូនថា ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក» រៀបចំឡើងចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥៕