ខេត្តហឺណាន ប្រទេសចិនបានបោះទុនវិនិយោគ ៣០លានដុល្លារ ចុះកិច្ចព្រមព្រៀងទិញ បន្លែ-ផ្លែឈើពីកម្ពុជា

ភ្នំពេញ ៖ ទឹកប្រាក់ប្រមាណ៣០លានដុល្លារ ត្រូវបានក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable របស់ចិន សម្រេចចុះMOU ជាមួយក្រុមហ៊ុន Nongde Agricultural Development របស់កម្ពុជា ដើម្បីនាំចេញបន្លែ-ផ្លែឈើកម្ពុជា ទៅលក់នៅទីផ្សារខេត្តហឺណាន។

ពិធីអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Zhengzhou Chen’s Sun Fruit and Vegetable និងក្រុមហ៊ុន Nongde Agricultural Development ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០កញ្ញា ឆ្នាំ២០២៥ ក្រោមការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល និង លោក Zheng Haiyang អភិបាលរងខេត្តហឺណាន ប្រទេសចិន។ ក្នុងនោះ អនុស្សរណៈធ្វើឡើងក្នុង​​គោលបំណងជំរុញការនាំចេញបន្លែ និងផ្លែឈើកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ​ជាមួយទំហំ​​ទឹក​ប្រាក់​ប្រមាណ៣០​លាន​ដុល្លារ ​ក្នុង​រយៈពេល២​ឆ្នាំ​ខាង​មុខ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកជំទាវ  ចម និម្មល ក៏បានពិភាក្សាជាមួយអភិបាលរងខេត្តហឺណាន អំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា-ចិន លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុង​ទិសដៅពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា និងខេត្តហឺណាន ជាពិសេសលើការ​នាំចេញ​ផលិតផល​កសិកម្មកម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ 

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ក៏ស្នើឱ្យវិនិយោគិនចិន​ មកបណ្តាក់ទុន ធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យកសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម៕