ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ

ទីស្តីការក្រសួង៖ នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិត្តិយសសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និវត្តជន និងមន្រ្តីរាជការក្រោមឱវាទជាច្រើនរូបទៀត។
ពិធីនេះមានគោលបំណងជួបសំណេះសំណាលជាមួយ អ៊ំ ពូ មីងនិវត្តជន ដែលធ្លាប់បានបំពេញការងារបម្រើវិស័យសាធារណការ និងដឹកជញ្ជូន តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតដល់ពេលចូលនិវត្តន៍។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោកអ៊ំ លោកពូ និងអ្នកមីង ជាអតីតមន្រ្តីរាជការធ្លាប់បានបម្រើការងារក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចូលរួមកម្មវិធីនាពេលនេះ ក៏ជាឱកាសដល់ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសួរសុខទុក្ខ និងសម្តែងនូវការដឹងគុណដល់លោកអ៊ំ លោកពូ និងអ្នកមីងជានិវត្តជនធ្លាប់បម្រើការងារ និងបានបង្កើតនូវសម្តិទ្ធផលការងារជាច្រើនក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកណ្តាល នៃសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំបំពេញការងារជាឧត្តមប្រយោជន៍សម្រាប់មន្ត្រីរាជការ និងនិវត្តជន ជាពិសេសការចូលរួមក្នុងគ្រប់សកម្មភាពនានា ដែលបម្រើដល់ចក្ខុវិស័យរបស់សមាគមបុគ្គលិក ឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រួមទាំងបានសម្របសម្រួលនៅក្នុងដំណើរការរៀបចំពិធីសំណេះសំណាលនាថ្ងៃនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់គណៈកម្មាធិការកណ្ដាល នៃសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ឱ្យបន្តសកម្មភាពដឹកនាំក្រុមការងារសមាគមបុគ្គលិក ចុះសួរសុខទុក្ខ និងជួយសម្រាលទុក្ខលំបាកនានាទៅដល់ទីកន្លែងដែលនិវត្តជនរស់នៅផ្ទាល់ ជាពិសេសចុះសួរសុខទុក្ខ និវត្តជនរស់នៅតាមបណ្តាខេត្តដែលមិនចូលរួមពិធីសំណេះសំណាលថ្ងៃនេះ ដើម្បីកុំឱ្យលោកអ៊ំ លោកពូ និងអ្នកមីង មានការលំបាកក្នុងការធ្វើដំណើរមកដល់រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន សមាគមបុគ្គលិក បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្ដាលចំនួន ៧លើកមកហើយ ដោយបានខិតខំបំពេញភារកិច្ចរបស់ខ្លួនរហូតសម្រេចនូវសមិទ្ធផលជាច្រើនក្នុងបណ្តាឆ្នាំកន្លងទៅ សំដៅរួមចំណែកក្នុងការគាំទ្រចក្ខុវិស័យ និងបេសកម្មរបស់សមាគម ជាពិសេសសមាគមបាននឹងកំពុងរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងសមាគម ឱ្យកាន់តែមានភាពច្បាស់លាស់ តម្លាភាព គណនេយ្យភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ៕