ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តពិភាក្សារកលទ្ធភាពដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំត្រីភាគីលើកទី៣ របស់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សារបស់ខ្លួនបានចំនួន ២១លើកដែលជាលទ្ធផលអង្គប្រជុំ បានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ ជាការបញ្ជាក់ជំហរចុងក្រោយរបស់ភាគីនីមួយៗ ក្នុងនោះ ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ការប្រកួតប្រជែង និងស្ថានភាពជាក់ស្តែង នៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នាទុកលទ្ធភាព ជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦។
មិនតែប៉ុណ្ណោះ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានរួមគ្នាលើកនូវសំណូមពរចំនួន ៣ចំណុច ជូនសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់។ ចុងបញ្ចប់ អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទ នៃកិច្ចប្រជុំត្រីភាគីចុងក្រោយរបស់ខ្លួន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥៕