រដ្ឋមន្រ្តីសុខាភិបាល អនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ដឹកនាំដោយឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងសុខាភិបាលនិងដើម្បីសុំការណែនាំអំពីកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនពីយន្តការដែលក្រសួងសុខាភិបាល បាននិងកំពុងអនុវត្ត ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល ទាំងសេវាសុខាភិបាលសាធារណៈ និងឯកជន ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បាននិងកំពុងពង្រឹងការគ្រប់គ្រងគុណភាពឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាង ដោយធ្វើការត្រួតពិនិត្យគុណភាពផលិតផលនៅលើទីផ្សារជាប្រចាំ ក៏ដូចជាអប់រំណែនាំដល់ធុរជន និងប្រជាពលរដ្ឋ ចំពោះផលិតផលឱសថ ផលិតផលបំប៉នសុខភាព ឱសថបុរាណ ត្រូវមានលេខបញ្ជិកា និងគ្រឿងសម្អាងត្រូវមានប្រវេទន៍ ពីក្រសួងសុខាភិបាល ព្រមទាំងចាត់វិធានការតឹងរ៉ឹងតាមនីតិវិធីចំពោះបុគ្គលដែលបានប្រព្រឹត្តល្មើសច្បាប់។
ឯកឧត្តម នៅ លក្ខណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានកោតសសើរ នូវការរីកចម្រើនរបស់វិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខាភិបាលសាធារណៈ នៅតាមមូលដ្ឋានសុខាភិបាល។ ទន្ទឹមគ្នានេះដែរឯកឧត្តមបានគោរពស្នើសុំគោលការណ៍ណែនាំ ក្នុងការទប់ស្កាត់ផលិតផលក្លែងក្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាជន។
ជាការឆ្លើយតប ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមស្វាគមន៍ចំពោះកិច្ចសហការតាមបច្ចេកទេស ដោយធ្វើយ៉ាងណាឱ្យកិច្ចសហការនេះបានល្អ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋទូទៅឱ្យបានកាន់តែប្រសើរឡើង ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខភាពប្រជាជន។