ឯកឧត្តមហេង ជាវនិងលោកជំទាវ និងពុទ្ធិបរិស័ទអញ្ជើញសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា សមាទានសីល ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តលង្ការព្រះកុសុមារាម ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមហេង ជាវ ទីប្រឹក្សាផ្ទាល់ឯកឧត្តម វង សូត អនុប្រធានទី២នៃរដ្ឋសភាជាតិនិងលោកជំទាវ កាយ ហ៊ុន ព្រមទាំងបុត្ររួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា សមាទានសីល ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តលង្ការព្រះកុសុមារាម ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
ឯកឧត្តម ហេង ជាវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនិងមន្ត្រីរាជការ ពុទ្ធបរិស័ទ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។បន្ទាប់មកព្រឹកថ្ងៃទី១០ខែកញ្ញាខែឆ្នាំដដែលឯកឧត្តមនិងលោកជំទាវ និងពុទ្ធិបរិស័យ ធ្វើពិធីសូត្រមន្តរាប់បាត វេលប្រគេនព្រះសង្ឃ និងប្រគេនបច្ច័យកសាងសមិទ្ធិផលក្នុងវត្តចំនួន៦ពាន់ដុល្លានិងបច្ច័យវេណចំនួន២លាន១សែន២ម៉ឺនរៀលនិងប្រគេនព្រះសង្ឃក្នុង១អង្គ បច្ច័យ១រយដុល្លា រួមទាំងភេសជ្ជៈមួយចំនួនទៀតផងដែរ។ក្នុងពិធីបុណ្យទាំងមូលនេះ
សូមឧទ្ទិសនូវមហាកុសល ជូនចំពោះ លោកឪពុកម្តាយបង្កើតរបស់ ឯកឧត្តមនិងលោកជំទាវ ព្រមទាំងឧទ្ទិសនូវមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ដែលបានចែកឋានទៅ សូមដួងវិញាណក្ខន្ធអ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល មានព្រះសង្ឃដិការ សម្តែងនូវការកោត សរសើរនិថ្លែងអំណរគុណចំពោះឯកឧត្តម ហេង ជាវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនិងមន្ត្រីរាជការ ពុទ្ធបរិស័ទនាវេណទី៣ក្នុងវត្តលង្កា ព្រះកុសុមារាមដែលគ្រប់គ្រងផ្ទាល់ និងការសប្បាយចិត្តដោយឃើញពុទ្ធបរិស័យជិតឆ្ងាយតែងតែយកចិត្តទុកដាក់លើកស្ទួយផ្សាភ្ជាប់ជាមួយព្រះពុទ្ធសាសនា។
សម្តេចសង្ឃដិការបន្តថាពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា ដែលប្រារព្ធ ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញានិងខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំនៅ ពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នាផងដែរ ។
សូមបញ្ជាក់ថាពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យជាតិខ្មែរយើង ៕