អភិបាលខេត្តកំពតជំរុញថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការក្នុងខេត្តបណ្តុះវប្បធម៌ចែករំលែកក្នុងឱកាសនៃពិធីបុណ្យប្រពៃណីជាតិខ្មែរ

ក្នុងស្មារតីបណ្តុះវប្បធម៌នៃការចែក ក៏ដូចជាបង្កើតឱ្យមានប្រពៃណីចេះស្រឡាញ់គ្នា ដឹងគុណមាតាបិតា ពិសេសបណ្តុះស្មារនៃវប្បធម៌ចែករំលែកទៅកាន់កូនចៅជំនាន់ក្រោយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តកំពតបានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ក្រោមធិបតីភាពឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ ឯកឧត្ដម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ។
មានប្រសាសន៍សំណេះសំក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ គឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដែលដូនតាខ្មែរយើងបានបន្សល់ទុកសម្រាប់យើងប្រតិបត្តិតាំងពីយូឡុងណាស់មកហើយ។ ដូច្នេះក្នុងនាមយើងជាថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ត្រូវខិតខំថែរក្សានិងប្រតិបត្តិឱ្យបានល្អប្រកបដោយគុណធម៌ កតញ្ញូតាធម៌ ស្របតាមកន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ហើយក៏ត្រូវអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាមន្ត្រីល្អ ដើម្បីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ដើម្បីឧត្តមប្រយោជន៍ជាតិនៃយើង។
ពាក់ព័ន្ធនឹងការងារភារកិច្ចស្នូលនៃមន្ត្រីរាជការឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកបន្ថែមថា “ការបម្រើរាស្ត្រ គឺជាកាតព្វកិច្ចដ៏សំខាន់ ដែលមន្ត្រីរាជការដែលយើងទាំងអស់គ្នាត្រូវចងចាំជានិច្ច ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងទទួលខុសត្រូវចំពោះការងារ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ ត្រូវធ្វើខ្លួនជាគំរូល្អសម្រាប់អ្នកក្រោមឱវាទ និងយកគោលការណ៍ដឹកនាំល្អ ដែលរួមមាននូវ ព្រហ្មវិហារធម៌ទាំងបួន គុណធម៌ សីលធម៌ សេចក្តីសណ្តោះប្រណី ការស្រឡាញ់ទៅយកចិត្តទុកដាក់ខំពឿមន្ត្រីក្រោមឱវាទទៅអនុវត្ត ទើបក្លាយជាមេដ៌ល្អ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវមានការចូលរួមជួយចែករំលែកការងារ និងចាត់ទុកបុគ្គលិកកូនចៅជាគ្រួសារតែមួយ ដើម្បីបង្កើតកម្លាំងរួមសម្រាប់ការងារ។ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវឱ្យមានស្មារតីជាតិនិយម ដើម្បីចូលរួមការពារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានសុភមង្គលប្រកបដោយសក្ដានុពលសំបូរបែប។
ក្នុងពិធីសំណេះសំណាល នេះក៏មានការចែកជូនអំណោយដល់មន្ត្រីរាជការ និងអ្នកចូលរួម មានដូចជា អង្ករខ្សាយ ដំណើប ទឹកក្រូច សណ្តែក គ្រឿងឧបរិភោគជាច្រើនមុខទៀតព្រមទាំងថវិកាមួយចំនួន ដែលជាផ្នែកមួយនៃការចែករំលែកសេចក្តីមេត្តាករុណា និងការចងក្រងសាមគ្គីភាពជាក្រុមគ្រួសារដែលមានសេចក្តីស្រឡាញ់។
យោងតាមរបាយការណ៍របស់លោក លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពតបានឱ្យដឹងថា ការជួបសំណេះសំណាលនាពេលនេះគឺជាលើកទី៩ ហើយ ក្នុងរយៈពេល ៤ឆ្នាំដែលឯកឧត្តមអភិបាលខេត្តចូលមកកានលមុខតំណែង។ លោកនាយករដ្ឋបានបន្តថា ការជួបសំណេះសំណាលជាមួយមន្ត្រីសាលាខេត្តគឺធ្វើឡើងក្នុឱកាសនៃពិធីបុណ្យប្រពៃណីធំៗចំនួន២ គឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យជារៀងរាល់ឆ្នាំ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត