រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្រ្ដីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព ​ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជនបទ ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទឯកឧត្តម ឆាយ ឫទ្ធិសែន កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះទៅពិនិត្យ វឌ្ឍនភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ជនបទចំនួន ០៤ទីតាំង និងខ្សែផ្លូវមួយខ្សែ ដែលគ្រោងស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ នៅក្នុងខេត្តកំពង់ធំដូចខាងក្រោម ៖

ទីតាំងទី១៖ អញ្ជើញពិនិត្យវឌ្ឍនភាព សាសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,៧៦គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ មានចិញ្ចើមផ្លូវក្រាល ក្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ, មានសំណង់លូមូល ចំនួន ៤កន្លែង ស្ថិតនៅក្នុងរមណីដ្ឋានប្រាសាទសំបូរព្រៃគុក។

ទីតាំងទី២៖ អញ្ជើញពិនិត្យវឌ្ឍនភាព សាងសង់ស្ពានបេតុង ១កន្លែង មានបណ្ដោយប្រវែង ១៤៤ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ និងមានការសាងសង់ផ្លូវក្រាល បេតុងសងខាងក្បាលស្ពានប្រវែង ៣០០ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន តភ្ជាប់ពីភូមិបឹងខ្វែក ឃុំស្រើង ទៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ។ ស្ពានមួយកន្លែងនេះចាប់ផ្ដើម នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ គិតត្រឹមដើមខែកញ្ញានេះសម្រេចលទ្ធផលបាន ៩៥% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៥។

ទីតាំងទី៣៖ ខ្សែផ្លូវ “រមាំងងាប់-អូររំដេង” កំពុងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)មានប្រវែង ៩,៦០០គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ បច្ចុប្បន្នសម្រេចវឌ្ឍនភាពប្រមាណ ២៦%។

ទីតាំងទី៤៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវល្បាយដីក្រហម ១ខ្សែ មានប្រវែង ១,៦០គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ទៅដល់ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ខ្សែផ្លូវនេះ ត្រូវបានអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដោយប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយបានបញ្ចប់ការសាងសង់ ១០០%ហើយ។

ទីតាំងទី៥៖ អញ្ជើញពិនិត្យស្ថានភាពខ្សែផ្លូវ១ខ្សែ ដែលជាសំណើរបស់រដ្ឋបាលខេត្តកំពង់ធំ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលខ្សែផ្លូវនេះមានប្រវែង ៤,៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិត្រពាំងថ្ម ទៅដល់ភូមិអូររំដេង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕