ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ដឹកនាំមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ដឹកនាំមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម

…………………………

នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន ព្រមទាំងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី  អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លុយ គន្ធី 

 បានអញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា សមាទានសីល ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ ។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងលោកជំទាវ លុយ គន្ធី បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

សូមឧទ្ទិសនូវមហាកុសល ជូនចំពោះ ឧកញ៉ា មហាសប្បុរសធម្មសិរីញាណ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ចាយ ស៊ាងអុី ត្រូវជាលោកឪពុកបង្កើតរបស់ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងឧទ្ទិសនូវមហាកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្តាន ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ដែលបានចែកឋានទៅ សូមដួងវិញាណក្ខន្ធអ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា ដែលប្រារព្ធ ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញានិងខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំនៅ ពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម  ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។

ដោយឡែកសម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ  នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ៕