ឯកឧត្តម គីម វីរៈ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកម្ពុជាជាម្ចាស់ផ្ទះ

នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃអង្គារ ទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM) និងកិច្ចប្រជុំពាក់ព័ន្ធ។
កិច្ចប្រជុំខាងលើបានការអញ្ជើញចូលរួមពី លោកជំទាវ សុខ ស៊ីថន អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី, លោកជំទាវ នេត ធីតាវិឈុណា អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ក្រឹម សត្យា ប្រធាននាយកដ្ឋានពិធីការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ, ឯកឧត្តម នាយកខុទ្ទកាល័យ ,ឯកឧត្តម អគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) គឺជាវេទិកាសំខាន់មួយសម្រាប់រដ្ឋមន្ត្រីបណ្ដាប្រទេសជាសមាជិកអាស៊ាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ កន្លងមក ប្រទេសកម្ពុជាយើង ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ និងភាពជាប្រធានក្នុងការរៀបចំ ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ចំនួន២លើករួចមកហើយ។
គោលបំណងសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនេះគឺ៖
– ពង្រឹងកិច្ចសហប្រតិបត្តិការ: សម្របសម្រួលនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនិងមហន្តរាយដែលបង្កឡើងដោយមនុស្ស។
– អនុវត្តផែនការការងារ: ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តកម្មវិធី កិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ (AADMER)។
– ផ្លាស់ប្តូរបទពិសោធន៍: ចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយដូចជា ការត្រៀមខ្លួនជាមុន ការឆ្លើយតប និងការស្តារឡើងវិញ។
– កំណត់ទិសដៅទៅមុខ: ដាក់ចេញនូវគោលនយោបាយថ្មីៗ និងយុទ្ធសាស្ត្រដើម្បីបង្កើនសមត្ថភាពរបស់អាស៊ានក្នុងការទប់ទល់នឹងគ្រោះមហន្តរាយនាពេលអនាគត។
កិច្ចប្រជុំ AMMDM នេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដូចជា កិច្ចប្រជុំ គណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (ACDM) និងកិច្ចប្រជុំជាមួយប្រទេស ជាដៃគូសន្ទនាអាស៊ាន (ACDM Plus) ផងដែរ។ កិច្ចប្រជុំទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការសម្របសម្រួល “អាស៊ានតែមួយ ការឆ្លើយតបតែមួយ” ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើងក្នុងតំបន់។