សិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែងនៅខេត្តកំពង់ឆ្នាំង បញ្ចេញផ្សែងប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ

សិប្បកម្មកែច្នៃប្រេងខ្មៅ ដែលមានទីតាំងស្ថិតនៅភូមិប៉ាហ៊ី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជោ ថុល អនុប្រធាននាយកដ្ឋាន  ដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន បានរកឃើញបានបញ្ចេញផ្សែង មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស នាំឱ្យប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ។ 

ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា នៅខាងក្រៅសិប្បកម្ម មានក្លិនឈ្ងៀមប្រេងខ្មៅ ចេញពីទីតាំងសិប្បកម្ម។ប្រជាពលរដ្ឋរស់នៅក្បែរតំបន់រោងចក្រ បានលើកឡើងការព្រួយបារម្ភចំពោះសុខភាព ដែលបានប៉ះពាល់ពីបញ្ហាក្លិន ចេញពីសិប្បកម្មកែច្នៃប្រេងខ្មៅនេះ។ សិប្បកម្មខាងលើពុំមានប្រព័ន្ធចម្រោះផ្សែងនោះទេ។ យើោងតាមការធ្វើតេស្តបឋមគុណភាពខ្យល់ ចេញពីបំពង់ផ្សែងឡសម្ងួត និងឡស្លប្រេងខ្មៅ ឃើញថាកម្រិតសារធាតុSO2 លើសស្ដង់ដារ។

ប្រឈមនឹងបញ្ហាបរិស្ថានខេងលើ ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខគឺ តម្រូវឱ្យសិប្បកម្មបញ្ឈប់ការបញ្ចេញផ្សែងជាបន្ទាន់ទោះរូបភាពណាក៏ដោយ។ ជាមួយគ្នានេះ សិប្បកម្ម ត្រូវបំពាក់ប្រព័ន្ធចម្រោះសម្អាតផ្សែងចេញពីឡសម្ងួត និងឡស្លប្រេងខ្មៅ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអនុលោមតាមស្ដង់ដាកំណត់ និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធ។ 

លើសពីនេះ ម្ចាស់សិប្បកម្ម  ត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់។ សិប្បកម្មខេងលើនេះ ត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦ មាត្រា១៦១ មាត្រា១៧៣ និងមាត្រា៦៦៨   និងអនុក្រឹត្យលេខ៤២ ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង៕