ពិព័រណ៍ពិភពលោក២០២៥ ក្នុងប្រទេសជប៉ុន កម្ពុជាដាក់តាំងបង្ហាញផលិតផលសក្តានុពល មួយចំនួន

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាចំនួន ១ ៣១៩ ៦៦៣នាក់ (គិតជាមធ្យមប្រមាណ ៩ ១០១ នាក់/ថ្ងៃ) ស្មើនឹងប្រមាណ ៧% នៃចំនួនអ្នកចូលទស្សនាពិព័រណ៍ពិភពលោកសរុប ១៨ ៩៧៧ ០០០នាក់។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលទស្សនា និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។

ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ កម្ពុជាបានដាក់តាំងបង្ហាញផលិតផលសក្តានុពល រួមមាន ៖ ស្វាយចន្ទី អង្ករ គ្រឿងចម្លាក់ប្រាក់ស្ពាន់ វត្ថុអនុស្សាវរីយ៍ គ្រឿងចម្លាក់ សម្លៀកបំពាក់ សូត្រមាស និងស្នាដៃសិល្បៈជាដើម និងបានចាក់បញ្ចាំងវីដេអូអំពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រមទាំងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់កម្ពុជា។

សូមជម្រាបជូនផងដែរថា ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ មានរយៈពេល៦ខែ ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ ដោយក្នុងនោះកម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប៕