អាជ្ញាធរវៀតណាមព្យាយាមទប់ទល់នឹងកម្លាំងព្យុះទីហ្វុងឈ្មោះ Kajiki នៅថ្ងៃចន្ទនេះ! ដែលឥទ្ធិពលរបស់វាខ្លាំងមិនចាញ់ព្យុះYagi ដ៏សែនបំផ្លិចបំផ្លាញកាលពីឆ្នាំមុននោះទេ

ប្រទេសវៀតណាមកំពុងទប់ទល់នឹងព្យុះទីហ្វុង Kajiki នៅថ្ងៃចន្ទនេះ ដែលវាបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំងជាច្រើនម៉ោង និងនៅមុនពេលដែលវាត្រូវបានគេរំពឹងថានឹងវាយប្រហារតំបន់ភាគកណ្តាលរបស់ប្រទេសនេះ។ យោងតាមទីភ្នាក់ងារអាកាសធាតុជាតិរបស់វៀតណាម ព្យុះទីហ្វុងនេះត្រូវបានគេព្យាករណ៍ថានឹងបោកបក់នៅចន្លោះខេត្ត Thanh Hoa ភាគខាងត្បូង និងខេត្ត Nghe An នារសៀលថ្ងៃច័ន្ទនេះដែរ។ វាត្រូវបានគេរំពឹងទៀតថានឹងនាំមកនូវខ្យល់បក់រហូតដល់ ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង ជាកម្រិតខ្លាំងដូចគ្នាទៅនឹងព្យុះទីហ្វុង Yagi ដែលបានបំផ្លិចបំផ្លាញប្រទេសវៀតណាមកាលពីឆ្នាំមុនដែរ។ អាជ្ញាធរបានផ្អាកប្រតិបត្តិការនៅព្រលានយន្តហោះចំនួនពីរក្នុងតំបន់ ហើយបានអំពាវនាវកោះហៅទូកនេសាទឲ្យបិទទៅកាន់ទីជម្រកតាមឆ្នេរ និងបានអំពាវនាវឲ្យប្រជាជនស្នាក់នៅខាងក្នុងជាដាច់ខាត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម VTV បានរាយការណ៍ថា មនុស្សរាប់ម៉ឺននាក់ត្រូវបានគេជម្លៀសចេញនៅក្នុងខេត្ត Nghe An និង Ha Tinh ខណៈដែលទាហានត្រូវបានចល័តដើម្បីពង្រឹងផ្លូវទំនប់ និងការពារផ្ទះប្រជាជន។ ទូរទស្សន៍រដ្ឋនេះក៏បាននិយាយដែរថា បុរសម្នាក់បានស្លាប់នៅក្នុងខេត្ត Nghe An បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់នៅពេលឡើងទៅការពារដំបូលផ្ទះរបស់គាត់ មុនពេលព្យុះទីហ្វុង Kajiki មកដល់៕

សម្រួលអត្ថបទ៖ សុផារិន្ទ