ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការបោសសម្អាតមីន និងអភិវឌ្ឍសហគមន៍អន្តរជាតិ លើគម្រោងបោសសម្អាតមីនតោនតាមសហគមន៍…

ថ្ងៃចន្ទ ០២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រួមជាមួយលោក Takayama Ryoji ប្រធានអង្គការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍសហគមន៍ (IMCCD) បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាដៃគូ លើគម្រោង “បោសសម្អាតមីនតោនតាមសហគមន៍” គាំទ្រដោយអង្គការមិនរកប្រាក់ចំណូលរបស់ជប៉ុន (Japan Non-Profit Organization (NPO) ដែលមានទឹកប្រាក់ចំនួន៤៤.៤៨២ ដុល្លារសហរដ្ឋអាម៉េរិក ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសប្រតិបត្តិការបោសសម្អាតមីនប្រឆាំងយាន្តយន្ត នៅតំបន់ដែលមានតម្រូវការក្នុងការអភិវឌ្ឍន៍ និងដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចសង្គមឱ្យកាន់តែប្រសើរឡើងក្រោយបោសសម្អាតមីនក្នងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ គម្រោងនេះនឹងចាប់ប្រតិបត្តិការពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។ សូមបញ្ជាក់ផងដែរថាគិតចាប់តាំងពីឆ្នាំ២០១១រហូតមកត្រឹមខែសីហាឆ្នាំ២០២៥នេះ គម្រោង IMCCD បានបោសសម្អាតលើផ្ទៃដីប្រមាណជិត៧គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២១១៩គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន៦២៤គ្រាប់ គ្រាប់មីនប្រឆាំងយាន្តយន្តចំនួន១១៨គ្រាប់ និងសំណល់សង្រ្គាមចំនួន១.៣៧៧គ្រាប់ និងឆ្លើយតបសំណើរបន្ទាន់បានចំនួន៥ដងផងដែរ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ក៍បានរំលឹកពីអនុស្សាវរីយ៍កាលជាង២០ឆ្នាំមុន ដែលលោក Takayama Ryoji ចូលរួមអភិវឌ្ឍន៍សហគមន៍ក្រោយបោសសម្អាតមីនរួច។
ឯកឧត្តមបានលើកឡើងថា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង គឺជាឃុំមួយដែលមានមីនច្រើនជាងគេក្នុងប្រទេសកម្ពុជា ហើយលោក Takayama Ryoji បានអភិវឌ្ឍន៍នៅទីនោះ ពីចម្ការមីនច្រើនជាងគេ ក្លាយជាឃុំដែលមានផ្លូវថ្នល់និងប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង។
ឯកឧត្តមប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Takayama Ryoji ដែលបានចំណាយពេលសឹងពាក់កណ្តាលជីវិតរបស់លោក ក្នុងការរួមចំណែកអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។
គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០០៣ក្រោយទទួលបានការដាក់ចេញនូវទស្សនាទានពីប្រមុខរាជរដ្ឋាភិបាលនៅឆ្នាំ២០០២នោះ អង្គភាពស៊ីម៉ាក់បានសម្រេចកំនត់យកតំបន់មានកប់គ្រាប់មីននិងគ្រោះថ្នាក់ច្រើនបំផុតមកជាគោលដៅសាកល្បងអនុវត្តលុបបំបាត់ការគំរាមកំហែងនិងគ្រោះ ថ្នាក់ដោយសារគ្រាប់មីន។ ជាចៃដន្យស៊ីម៉ាក់បានជ្រើសរើសយកឃុំមួយដែលមានឈ្មោះដូចគ្នានឹងសម្តេចតេជោសែនគឺឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្សរស់នៅច្រើន មានចម្ការមីនហ៊ំពន្ធ័ច្រើនបំផុតនិងមានការគ្រោះថ្នាក់ដោយសារគ្រាប់មីនខ្ពស់ជាងគេនៅទូទាំងប្រទេស។ ហើយឃុំតាសែននេះហើយជាទីដែលគម្រោង IMCDD ចាប់ផ្តើមបោសសម្អាតគ្រាប់មីន ជាពិសេសគ្រាប់មីនប្រឆាំងយានយន្ត និងបន្តបោសសម្អាតទីតាំងដែលរងផលប៉ះពាល់ផ្សេងៗទៀតរហូតមកទល់បច្ចុប្បន្ន។
លោក Takayama Ryoji មានប្រសាសន៍ថាលោកមានសេចក្តីសោមន្សស រីករាយដែលលោកបានចូលរួមជាមួយអង្គភាពស៊ីម៉ាក់ក្នុងការបោសសម្អាតមីន និងគ្រាប់យុទ្ធមិនទាន់ផ្ទុះនិងអភិវឌ្ឍន៍សហគមន៍ ក្រោយបោសសម្អាតមីនរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
លោកបន្ថែមថា អង្គភាពស៊ីម៉ាក់ មិនត្រឹមតែជាអង្គភាពជាតិបោសសម្អាតមីនឈានមុខគេនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រែមុខមាត់ថ្មីមួយទៀតគឺជា ជាមជ្ឈមណ្ឌលផ្តល់ចំណេះដឹងក្នុងវិស័យសកម្មភាពមីនទៅកាន់ពិភពលោកផងដែរ។ លោកតាកាយ៉ាម៉ា ជាអតីតកងទព័ជប៉ុននិងធ្លាប់បំរើការងារបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាសម័យអ៊ុនតាក់ឆ្នាំ១៩៩២-៩៣ និងស្នាក់នៅធ្វើការនៅកម្ពុជាជាង២៤ឆ្នាំហើយ! លោកខិតខំជួយប្រទេសនិងប្រជាជនកម្ពុជាតាមច្រើនរូបភាពក្នុងនោះរួមមានផ្តល់អាហាររូបករណ៍កុមារក្រីក្របានទៅរៀននៅជប៉ុនចាប់ពីថ្នាក់មធ្យមសិក្សាបានទទួលសញ្ញាប័ត្រអនុបណ្ឌិត ជួយកសាងសាលារៀន ជីកស្រះទឹកអណ្តូងទឹក និងកៀរគរអ្នកវិនិយោគកសាងរោងចក្រនៅតំបន់ដាច់ស្រយាលនៃឃុំតាសែន ស្រុកកំរៀងខេត្តបាត់ដំបង។ លោក តាកាយាម៉ា ជាសាក្សីរស់ជាជនអន្តរជាតិមួយរូបដែលបានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមដំបូលអង្គការសហប្រជាជាតិ និងបានចូលរួមស្តារនិងកសាងសុខសុវតិ្ថភាពជាមួយរាជរដ្ឋាភិបាលនិងយើងខ្ញុំទាំងអស់គ្នាជាអ្នករំដោះដីពីគ្រាប់មីន! គាត់យល់ច្បាស់ទុក្ខវេទនាក្នុងសង្គ្រាម ក្រោយបញ្ចប់សង្គ្រាមនិងដំណើរការកសាងសិទិ្ធសេរីភាព កសាងសេដ្ឋកិច្ច និងធានាសុខសុវតិ្ថភាពទាំងផ្លូវកាយនិងផ្លូវចិត្តឡើងវិញ ហើយមហិច្ឆតានៃការប្រែក្លាយជាប្រទេសឱ្យបានជឿនលឿនខាងសេដ្ឋកិច្ច ជាមូលដ្ឋានគ្រឹះ គឺសុខសន្តិភាពនៃសង្គមជាតិ។