ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវបម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក,ផែនការទិញបន្តរបស់ រោង ម៉ាស៊ីនកិនស្រូវ ងួន ហុង, រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និង​រោងម៉ាស៊ីនកិនស្រូវ ហុង អេង

ខេត្តកំពង់ធំ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងសហការីបានចុះត្រួតពិនិត្យសន្និធិស្រូវ-អង្ករ សកម្មភាពការប្រមូលទិញស្រូវសម្រាប់បម្រើឲ្យការកិនកែច្នៃអង្ករនាំចេញនិងលក់ក្នុងស្រុក ព្រមទាំងផែនការទិញបន្តរបស់ រោងម៉ាស៊ីនកិនស្រូវ ងួន ហុង, រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និង​រោងម៉ាស៊ីនកិនស្រូវ ហុង អេង នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។ បេសកកម្មនេះគឺដើម្បីពិនិត្យមើលការប្រើប្រាស់ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល។ កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះគឺផ្តល់អត្រាការប្រាក់សមរម្យ ៥% ក្នុងមួយឆ្នាំ និងទទួលយកសន្និស្រូវ-អង្ករជាទ្រព្យធានាបំណុលនិងជាមូលដ្ឋានកំណត់ទំហំឥណទានដែលទទួលបាន ៧០%នៃតម្លៃសន្និធិ។

ដើមរដូវឆ្នាំនេះ កត្តាអាកាសធាអំណោយផលបាននាំឱ្យការប្រមូលផលស្រូវបានចាប់ផ្តើមលឿនជាងឆ្នាំមុនៗ ពោលគឺចាប់តាំងពីចុងខែកក្កដា ហើយបរិមាណប្រមូលផលកើនឡើងកាន់តែច្រើននៅចុងខែសីហានេះ។ ក្នុងរដូវប្រមូលផលធំនេះ ស្ថានភាពតម្លៃស្រូវមានការធ្លាក់ចុះ ជាពិសេសប្រភេទស្រូវស្រង៉ែ។ 

ក្នុងស្ថានការណ៍នេះ រាជរដ្ឋាភិបាលដោយមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ក្រសួងពាណិជ្ជកម្ម, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានយកចិត្តទុក្ខដាក់ខ្ពស់ ខិតខំរិះរកដំណោះស្រាយដោយមានដៃគូសហការពីសហព័ន្ធស្រូវ​អង្ករកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធរួបរួមគ្នាក្នុងការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាពក្នុងស្មារតីខ្មែរជួយខ្មែរ។

ហេតុនេះ ធនាគារ ARDB ដែលជាធនាគារបម្រើគោលនយោបាយ នឹងបន្ត អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល​សំដៅចូលរួមរក្សាលំនឹងថ្លៃកសិផលខ្មែរ។