ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្របោកគក់របស់ក្រុមហ៊ុន W.L Wei Lian Garment Co., Ltd នៅខេត្តកំពង់ស្ពឺ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដុតកម្ទេចក្រណាត់ នៅក្នុងឡចំហាយនិងគោរពច្បាប់បរិស្ថាន

ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ដល់រោងចក្របោកគក់របស់ក្រុមហ៊ុន W.L Wei Lian Garment Co., Ltd នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានបង្កឱ្យមានការបំពុលខ្យល់ ចេញពីបំពង់ផ្សែងឡចំហាយ ឱ្យត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដុតកម្ទេចក្រណាត់ នៅក្នុងឡចំហាយ និងក្រុមហ៊ុនត្រូវទទួងរងពិន័យអន្ដរការណ៍ ចំពោះសកម្មភាពលើ្មស ទៅនឹងមាត្រា១៧៣ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ លើសពីនេះ ក្រុមហ៊ុនត្រូវកែសម្រួលឡចំហាយ ឱ្យត្រូវតាមស្តង់ដារ នៃការបញ្ចេញសារធាតុពុលខ្យល់ មុនដំណើរការបន្តទៀត។
ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុនរៀបចំកិច្ចសន្យាការពារបរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនឹងក្រសួងបរិស្ថាន និង ត្រូវរៀបចំឱ្យមានរោងសម្រាប់ទុកដាក់សំណល់ផេះ ឱ្យបានត្រឹមត្រូវ ដោយជៀសវាង ទុកដាក់ចោលនៅទីវាល ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថាន ឱ្យបានរួចរាល់ក្នុងរយៈពេល ៣ខែ ជាកំហិត។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវធានាថា អាងប្រព្រឹត្តិកម្មសំណល់រាវដំណើរការត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹកផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន នៅនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ បានចុះធ្វើការត្រួតពិនិត្យទីតាំងរោងចក្របោកគក់ របស់ក្រុមហ៊ុន W.L Wei Lian Garment Co., Ltd នៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបានបង្កឱ្យមានការបំពុលខ្យល់ ចេញពីបំពង់ផ្សែងឡចំហាយ។ ក្រុមការងារបានពិនិត្យឃើញ មានផ្សែងចេញពីបំពង់ឡចំហាយ មានពណ៌ក្រម៉ៅនិងមានក្លិនតិចៗ។ លើសពីនេះ ឡចំហាយដំណើរការដោយប្រើប្រាស់អុសដុត លាយជាមួយកម្ទេចក្រណាត់។ ក្រុមការងារបានធ្វើតេស្ដសារធាតុ បំពុលខ្យល់ ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលទទួលបានលទ្ធផលឃើញថា បារ៉ាម៉ែត្រចំនួន២ឃើញថា មានកម្រិតលើសស្តង់ដា គឺ CO និង SO2។ បារ៉ាម៉ែត្រត្រូវបានរកឃើញ CO=២៥៦១ppm ដោយធៀបជាមួយស្ដង់ដាបញ្ចេញសារធាតុបំពុលខ្យល់ CO=១០០០ppm និងSO2=៦២០ppm ដោយធៀបជាមួយស្ដង់ដាបញ្ចេញ សារធាតុបំពុលខ្យល់ SO2=៥០០ppm។ លើសពីនេះក្រុមការងារបានរកឃើញ អំពីការទុកដាក់សំណល់រឹង រាវ មិនទាន់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងច្បាប់ផងដែរ៕