ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេណវត្តដារ ភូមិដារ ឃុំដារ ស្រុកចិត្របុរី

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេណវត្តដារ ភូមិដារ ឃុំដារ ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។ ក្នុងវេទិកា បានអញ្ជើញចូលរួមពី សមាជិកក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ៣ប្រភេទ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងប្រជាពលរដ្ឋ សរុប ២៦៩នាក់(ស្រី១០៤នាក់) ទទួលបានសំណូមពរ សរុប ០៥ករណី បានដោះស្រាយ ០២ករណី កំពុងដោះស្រាយ ០៣ករណី មិនទាន់ដោះស្រាយ ០ករណី។

បន្ទាប់ពីចប់កម្មវិធី ឯកឧត្តម សុខ ចាន់ភក្តី ប្រធានក្រុមការងារចុះស្រុកចិត្របុរី និងអភិបាលស្រុកចិត្របុរី និងក្រុមការងារបន្តចុះទៅសួរសុខទុក្ខប្អូន ជុំ តូ ជាកងទ័ពជួរមុខនៅសមរភូមិតំបន់មុំបី ដែលសុំច្បាប់ពីពេទ្យ ក្រោយពីរងរបួសដោយសារអំបែងគ្រាបប់ ក្នុងពេលប្រយុទ្ធជាមួយទ័ពថៃ ក្នុងជម្លោះសង្គ្រាមព្រុំដែន ដើម្បីមកបុណ្យសព៧ថ្ងៃឱពុករបស់ប្អូន ដែលទទួលមរណភាពថ្មីៗនេះ ក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី។ ឆ្លៀតឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ និងក្រុមការងារបានចូលរួមជួយឧបត្ថម្ភនូវថវិកាសរុបចំនួន៥២០,០០០រៀល និងសារុងចំនួន០៣ ជូនដល់កូនស្រីទាំង៣របស់មីងជាម្តាយរបស់យុទ្ធជន ដើម្បីជួយសម្រួលដល់ការលំបាកចំពោះមុខដល់គ្រួសារវីរយុទ្ធជនខាងលើ។
រូបថត៖ អ៊ុក សំអឿន