ប្រមុខកូរ៉េខាងជើងលោក Kim Jong Un អញ្ជើញផ្តល់មេដាយ កិត្តិយសដល់ទាហានរបស់ខ្លួនដែលបានចូលរួមជាមួយរុស្ស៊ីធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចូលរួមក្នុងពិធីមួយនៅក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីផ្តល់កិត្តិយសថ្នាក់រដ្ឋដល់ទាហានដែលបានត្រឡប់មកពីការប្រយុទ្ធនៅអ៊ុយក្រែនវិញ និងដើម្បីកាន់ទុក្ខអ្នកដែលបានពលី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃសុក្រនេះបានសរសេរដោយថ្លែងសរសើរពួកគេថា៖ ជាវីរបុរសដ៏អស្ចារ្យ និងអ្នកស្នេហាជាតិដ៏អស្ចារ្យដែរ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការរបស់កូរ៉េខាងជើងបាននិយាយទៀតថា លោក Kim Jong Un បានផ្តល់ងារដល់ពួកគេជា “វីរៈបុរស” របស់រដ្ឋដល់មេបញ្ជាការ និងទាហានដែលបានត្រឡប់មកវិញបន្ទាប់ពីការប្រយុទ្ធរួមជាមួយនឹងកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ព្រំដែន Kursk ប្រឆាំងនឹងអ៊ុយក្រែន។ លោកក៏បានបំពាក់មេដាយនៅក្បែររូបទាហានកូរ៉េខាងជើងដែលពលី និងដែលត្រូវបានពិពណ៌នាដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថាជា “ទុក្ករបុគ្គល”។ លោក Kim បាននិយាយនៅក្នុងសុន្ទរកថាមួយថា “អ្នកចូលរួមប្រតិបត្តិការក្រៅប្រទេស តាមរយៈការតស៊ូដ៏ខ្ជាប់ខ្ជួន និងការលះបង់ដ៏ថ្លៃថ្នូរបស់ពួកគេ សម្រេចបាននូវស្នាដៃដ៏អស្ចារ្យដែលនឹងត្រូវចងចាំក្នុងប្រវត្តិសាស្ត្រជារៀងរហូត” ។ យោងតាមការវាយតម្លៃរបស់កូរ៉េខាងត្បូង កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ១៥០០០នាក់ទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ហើយបានផ្គត់ផ្គង់សម្ភារៈយោធាជាច្រើនរួមទាំងកាំភ្លើងធំ និងកាំជ្រួចផ្លោង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់លោក Putin ប្រឆាំងនឹងអ៊ុយក្រែន។ លោក Kim ក៏បានយល់ព្រមបញ្ជូនកម្លាំងយោធា និងអ្នកជំនាញដោះមីនរាប់ពាន់នាក់ទៅកាន់តំបន់ Kursk របស់រុស្ស៊ីផងដែរ ដែលការដាក់ពង្រាយនោះ ត្រូវបានអ្នកស៊ើបការណ៍កូរ៉េខាងត្បូងជឿជាក់ថាអាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ មន្ត្រីកូរ៉េខាងត្បូងបានសម្តែងក្តីព្រួយបារម្ភថា កូរ៉េខាងជើងបានប្តូរជាថ្នូរនឹងការគាំទ្រសង្រ្គាមរបស់ខ្លួន អាចទទួលបានជំនួយសេដ្ឋកិច្ចដែលត្រូវការជាចាំបាច់ និងបច្ចេកវិទ្យាយោធាទំនើបៗ ដែលអាចបង្កើនការគំរាមកំហែងបង្កឡើងដោយកម្មវិធីអាវុធនុយក្លេអ៊ែររបស់លោក Kim Jong Un ផងដែរ។ លើសពីនេះអ្នកជំនាញបាននិយាយថា យោធារបស់កូរ៉េខាងជើងក៏នឹងទទួលបានបទពិសោធន៍ប្រយុទ្ធដ៏មានតម្លៃបំផុតរបស់ពួកគេពីសង្គ្រាមនោះដែរ៕

សម្រួលអត្ថបទ៖​ សុផារិន្ទ