ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សន្និសីទសុខាភិបាលប្រចាំឆ្នាំលើកទី១៤ ផ្នែកវះកាត់ទូទៅ ផ្នែកថែទាំអ្នកជំងឺលើកទី៩ និងផ្នែកវេជ្ជសាស្ត្របូរាណចិនលើកទី៤ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (CCFKH)។
ពិធីបើកសន្និសីទបានចាប់ផ្ដើមដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប និងភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីនេះ។ ឯកឧត្តម វេជ្ជបណ្ឌិតឯកទេស តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ
បានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្និសីទនេះក្នុងការលើកកម្ពស់ចំណេះដឹង និងបច្ចេកវិទ្យាផ្នែកវេជ្ជសាស្ត្រ។
ឯកឧត្តម បញ្ជាក់បន្ថែមថា សន្និសីទនេះមានគោលបំណងពង្រឹងគុណភាពលើការគ្រប់គ្រងវេជ្ជសាស្ត្រ-វះកាត់ ថែទាំអ្នកជំងឺ និងការបង្រៀន ផ្នែកវេជ្ជសាស្ត្របូរាណចិន Traditional Chinese Medicine (TCM) នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ CCFKH។
សន្និសីទនេះក៏មានវគ្គវិទ្យាសាស្ត្រ (Scientific Session) ដែលមានការចូលរួមពីវាគ្មិនជំនាញមកពីមន្ទីពេទ្យរដ្ឋធំៗនៅកម្ពុជា និង ប្រទេសចិន ដែលរួមមានការធ្វើបទបង្ហាញផងដែរ។
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងសុន្ទរកថាបើកជាផ្លូវការ
និងវាយតម្លៃខ្ពស់ចំពោះមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈដែលបានគាំទ្រឱ្យមានការរៀបចំនូវសន្និសីទសុខាភិបាលប្រចាំឆ្នាំលើកទី១៤ ផ្នែកវះកាត់ទូទៅ ផ្នែកថែទាំអ្នកជំងឺលើកទី៩ និងផ្នែកវេជ្ជសាស្ត្របូរាណចិនលើកទី៤ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។
ឯកឧត្តម បង្ហាញការជឿជាក់ថា តាមរយៈការផ្លាស់ប្តូរនូវបទពិសោធរបស់អ្នកជំនាញមកពីប្រទេសចិន និងប្រទេសផ្សេងនេះ នឹងជួយបង្កើននូវប្រសិទ្ធិភាពកាន់តែខ្លាំងសម្រាប់វិស័យសុខភិបាលកម្ពុជា ជាពិសេសមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈតែម្តង ចង់បញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានប្រកាសបើកនូវវេទិកាសុខាភិបាលប្រចាំឆ្នាំជាផ្លូវការ ហើយសន្និសីទនេះនឹងបន្តរហូតដល់ថ្ងៃទី២២ ខែសីហា ដែលនឹងផ្ដល់ឱកាសដ៏ល្អសម្រាប់អ្នកចូលរួមទាំងអស់ក្នុងការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។