លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ កាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្ងៃទី២៧ ដល់ ថ្ងៃទី២៩ ឆ្នាំ២០២៥នាពេលខាងមុខនេះ។

ការបើកកិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហើយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក,ស្នាក់ការសន្តិសុខ,មេបញ្ជាការកងអនុសេនាធំ និងនាយទាហាន នាយទាហានរងចូលរួមផងដែរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់បទបញ្ជាទៅឲ្យនាយការិយាល័យជំនាញត្រូវយកចិត្តទុកដាក់បំផុតចំពោះការងាររបស់ខ្លួនគឺ៖ប្រធានអង្គភាពទាំងអស់ ត្រូវត្រៀមរៀបចំកម្លាំង និងសម្ភារៈឲ្យបានរួចរាល់ ដើម្បីត្រៀមសម្រាប់ជួយសង្រ្គោះគ្រោះមហន្តរាយ ដែលអាចនិងកើតមានជាយថាហេតុដោយប្រការណាមួយ ហើយចំពោះកងកម្លាំងទាំងអស់រាល់ពេលចុះបំពេញការងារតួនាទីភារកិច្ច ត្រូវយកចិត្តទុកដាក់បំផុត និងប្រុងប្រយត្ន័ឲ្យបានខ្ពស់ ដោយប្រើកាយវិកាម៉ឺងម៉ាត់ ម៉ត់ចត់ ពិសេសមិនត្រូវធ្វេសប្រហែសចំពោះការងារឡើយ។

រាល់លោកប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុកទាំងអស់ ត្រូវណែនាំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនក្នុងការលេងបណ្តាញសង្គម ត្រូវប្រុងប្រយត្ន័មិនត្រូវផុសសំញែងអួតអាវុធ ឬផុសក្នុងន័យញុះញ៉ុងដោយប្រការណាឡើយ ព្រោះថាក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះកម្លាំងយើងទាំងអស់ត្រូវត្រៀមចំនុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង គឺហាមដើរហើរសេរីដោយគ្មានច្បាប់ការអនុញ្ញាតជាដាច់ខាត។ក្រៅពីនេះទៀតរាល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ត្រូវចេះស្រលាញ់គោរពឲ្យតម្លៃគ្នាទៅវិញទៅមក ប្រើវប្បធម៏រំលែកដល់គ្នានិងគ្នា  ចេះកែតម្រូវគ្នារាល់ពេលមានចំនុចខ្វះខាតផ្សេងៗ ពិសេសត្រូវចេះសាមគ្គីភាពផ្ទៃក្នុងជាថ្លុងមួយអោយបានល្អបំផុត។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានមានប្រសាសន៍បន្តទៀតថា មន្ទីរស្រាវជ្រាវបង្រ្កាបបទល្មើសត្រូវបន្ត យកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការអនុវត្តការងារ តួនាទី ភារកិច្ច បន្ថែមទៀតលើការងារបង្រ្កាប ត្រូវរៀបចំបើកវគ្គបង្រៀនដល់កម្លាំងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ដែលទទួលជំនាញជាប្រចាំដើម្បីចែករំលែកនូវបទពិសោធន៍ និងចំនុចខ្វះខាតផ្សេងៗដល់គ្នាទៅវិញទៅមកថែមទៀត។និងបានដាក់បទបញ្ជាបន្ថែមឲ្យតាមបណ្តាមូលដ្ឋានកងរាជងាវុធហត្តក្រុង-ស្រុក ត្រូវធ្វើការបន្តល្បាតពេលយប់ជាប្រចាំ ដើម្បីម្បី បង្ការ បង្ក្រាប សង្គ្រោះ ក្នុងការទបស្កាត់ នូវរាល់បទល្មើសដែលអាចកើតមានក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ហើយជាពិសេសក៏ត្រូវបន្ត ជួយសម្រួលចរាចរណ៍ដល់ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលធ្វើតំណើរឆ្លងកាត់ផ្លូវក្នុងមូលដ្ឋានពេលសិស្សពេញពីសាលារៀនផងដែរ។ហើយមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ត្រូវបន្តអបរំផ្សព្វផ្សាយដល់ សិស្សានុសិស្សតាមសាលារៀនទូទាំងខេត្តកំពង់ស្ពឺ នូវផលប៉ះពាល់អំពីការប្រើប្រាស់គ្រឿងញៀន បារីអេឡិចត្រូនិច្ច និងក្មេងទំនើង ដើម្បីសង្គមជាតិ និងក្មេងៗជំនាន់ក្រោយ។

ជាមួយគ្នានេះដែរដោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ មើលឃើញពីកង្វះខាតនៃព៌ត័មាន និងពិបាកក្នុងការទំនាក់ទំនង រវាងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងកម្លាំងកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសម្រេចផ្តួចផ្តើមរៀបចំនិងដាក់ឲ្យប្រើប្រាស់លេខ Hot line 1292 នេះឡើង ហើយដោយបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបម្រើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ ឬ បទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃផងដែរ ដើម្បីងាយស្រួលដល់ការចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗទាន់សភាពការណ៍ប្រកបដោយភាពកក់ក្តៅបំផុតសម្រាប់ខេត្តកំពង់ស្ពឺ។សម្រាប់លេខទូរស័ព្ទបន្ទាន់1292(Hote Line)នេះ គឺទទួលការហៅចូលបានគ្រប់ប្រពន្ធ័ដោយមិនអស់លុយនោះទេ។

ក្រៅពីនេះលោកមេបញ្ជាការ បានបន្ថែមថាសម្រាប់ថ្ងៃទី២៧ខែសីហាដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះនិងមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដូចច្នេះ ដើម្បីធានា សន្តិសុខ សណ្តាប់ធ្នាប់ ក្នងថ្ងៃប្រឡងខាងមុខនេះសូមឲ្យកម្លាំងទាំងអស់ដែលមានឈ្មោះក្នុងផែនការ ការពារ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ ត្រូវយកចិត្តទុកដាក់ ទទួលខុសត្រូវឲ្យបានខ្ពស់ នៅតាមគោលដៅរៀងៗខ្លួន។និងជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ

បានថ្លែងកើតសរសើរដល់កម្លាំងកងរាជអាវុធហត្តខេត្តកំពង់ស្ពឺទាំងអស់ ដែលកន្លងមកបានអនុវត្ត តួនាទីភារកិច្ចបានល្អ ក្នុងការបំរើ ការពារប្រជាពលរដ្ឋ ហើយបានការជឿទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋផងដែរ ហើយរាល់ចំនុចខ្វះខាតដែលមានគួរតែកែតម្រូវចេញ៕