ក្រុមហ៊ុន M.H FASHION (CAMBODIA) WASHING DYEING CO., LTD. មិនបានអនុវត្តត្រឹមត្រូវតាមច្បាប់បរិស្ថាន

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋាន គាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការជាមួយ មន្រ្តីជំនាញ របស់មន្ទីរបរិស្ថាន រាជធានីភ្នំពេញ បានពិនិត្យឃើញមាន ទឹកពណ៌ខៀវក្រម៉ៅ និងមានក្លិនអូសាវែល ហូរចេញពីលូចូលប្រឡាយលូប្រាំ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលជាជាប្រភេទផលិតបោកគក់សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវចេញពីផលិតកម្មត្រូវបានបង្ហូរចូលអាងស្ដុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំដោយផ្ទាល់។ ក្រុមការងារបានពិនិត្យឃើញថាក្រុមហ៊ុនមានអាងប្រព្រឹត្តិកម្មចំនួន១ មានសភាពទ្រុឌទ្រោម មិនបានដំណើរការនោះទេ (ខូច)។
ក្រុមការងារក្រសួងបរិស្ថាន បានយកសំណាកទឹក នៅទីតាំងទឹកលូហូរចូលប្រឡាយលូប្រាំ មកវិភាគនៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានផងដែរ។ លើសពីនេះ ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមហ៊ុនបានដំណើរការចាប់តាំងពីឆ្នាំ ២០២០ ហើយមិនបានអនុវត្តច្បាប់ត្រឹមត្រូវនោះទេ ក្នុងនោះ គ្មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធនៅឡើយ។
បន្ទាប់ពីរកឃើញករណីល្មើសខាងលើ ក្រុមការងារក្រសួងបរិស្ថាន បានកំណត់វិធានការច្បាប់ឱ្យក្រុមហ៊ុន ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់ទោះរូបភាពណាក៏ដោយ និងត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា ៨២៩ មាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា៦៥៤ មាត្រា៦៦៨ និងអនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក ។ ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ដោយសហការជាមួយក្រុមហ៊ុន ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ។ លើសពិនេះ ក្រុមហ៊ុន ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យបរិស្ថាន ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់៕