លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងអាជ្ញាធរមូលដ្ឋាន ទទួចស្នើសុំអគ្គិសនីកម្ពុជា បង្វែរការតបណ្តាញអគ្គិសនី ចេញពីបរិវេណសាលាបឋមសិក្សាព្រែកតារាត់…

ថ្មីៗកន្លងទៅនេះ អាណាព្យាបាលសិស្ស និងគណៈគ្រប់គ្រងនៃសាលាបឋមសិក្សាព្រែកតារាត់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងអគ្គិសនីកម្ពុជា (EDC) ជួយបង្វែរការតបណ្តាញបញ្ជូនអគ្គិសនីទៅទីតាំងផ្សេង ឬឆ្ងាយពីទីធ្លាសាលា ខណៈពួកគាត់មានព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់សិស្សានុសិស្ស ជាពិសេស កុមារតូចដែលតែងលេងនៅក្នុងទីធ្លាសាលារាល់ថ្ងៃ។
អាណាព្យាបាលសិស្ស និងគណៈកម្មការគ្រប់គ្រង សាលាបឋមសិក្សាព្រែកតារាត់ បានលើកឡើងថា ចាប់តាំងពីមានគម្រោងសាងសង់តបណ្តាញបញ្ជូនអគ្គិសនីដែលត្រូវឆ្លងកាត់សាលាមក ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះពួកគាត់យល់ថា បង្គោល និងខ្សែតបណ្តាញអគ្គិសនីប្រភេទធំនេះ អាចបង្កហានិភ័យខ្លាំងដល់សិស្ស ពិសេស ការស្រូប ឆក់ ការដួលរលំដោយប្រការណាមួយដែលគ្នាមិនអាចដឹងមុនបានជាដើម។ ដូច្នេះហើយ ទើបពួកគាត់ស្នើសុំឱ្យមានការប្លាស់ប្តូរចេញទីតាំងសាលា ទោះបីបច្ចុប្បន្នអគ្គិសនីបានរំកិលបង្គោលទៅឆ្ងាយបន្តិចហើយក្តី ។

ចំណែក លោក មុត សុខា នាយករង នៃសាលាបឋមសិក្សាព្រែកតារាត់ បានលើកឡើងដែរថា បញ្ហាដែលអាណាព្យាបាលសិស្សបានលើកឡើងខាងលើនេះ កាលដើមឡើយ ខាងអគ្គិសនីកម្ពុជាបានស្នើសុំដាក់បង្គោលនៅក្នុងសាលាតែម្តង ប៉ុន្តែដោយសារមិនមានការយល់ព្រមពីអាណាព្យាបាល ក៏ដូចគណៈគ្រប់គ្រងសាលា ក្រោយមកអគ្គិសនីកម្ពុជាក៏បានរំកិលបង្គោលទៅដល់របងសាលាវិញ ដោយនៅសល់តែខ្សែដែលរត់កាត់ពីលើប៉ុណ្ណោះ, ហើយទោះបីជាយ៉ាងនេះក្តី និងដឹងថាបច្ចុប្បន្នមានបច្ចេកទេសខ្ពស់ក៏ដោយ ក៏ពួកគាត់ក៏ដូចអាណាព្យាបាលសិស្ស គឺនៅតែមិនទាន់អស់ចិត្ត ចំពោះផលប៉ះពាល់ដូចការលើកឡើងខាងលើ។

ទាក់ទងការស្នើសុំ និងការព្រួយបារម្ភរបស់អាណាព្យាបាលសិស្ស និងគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រែកតារ័ត្នខាងលើនេះ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គិសនីកម្ពុជា(EDC) បានគូសបញ្ជាក់ថា ការតខ្សែបណ្តាញអគ្គិសនីខាងលើ គឺមានសារសំខាន់ណាស់សម្រាប់ផ្គត់ផ្គង់ក្នុងរាជធានីភ្នំពេញទាំងមូល និងមិនអាចផ្លាស់ប្តូរទីតាំងបានទេ ហើយក៏គ្មានផលប៉ះពាល់នោះដែរ។ ព្រោះកម្រិតនៃផលប៉ះពាល់ដែលអាចកើតមាន គឺចន្លោះចាប់ពី ៣-៤ម៉ែត្រចុះក្រោម, រីឯ ខ្សែដែលតអូសលើសាលារៀនខាងលើ គឺមានកម្ពស់រហូតដល់ទៅជាង ៦០-៨០ម៉ែត្រឯណោះ ដូច្នេះ គឺគ្មានផលប៉ះពាល់សោះឡើយ។ ដោយឡែកនៅតំបន់    ផ្សេងៗទៀត ដូចជា នៅម្តុំវិមានឈ្នះឈ្នះ និងម្តុំផ្លូវ៦០ម៉ែត្រជាដើម ដែលមានអ្នករស់នៅច្រើន និងមានគម្លាតទាបជាងនេះខ្លាំង ក៏មិនមានប៉ះពាល់ដូចគ្នា។ ដូច្នេះ សូមអាណាព្យាបាលសិស្ស និងគណៈគ្រប់គ្រងសាលា កុំបារម្ភតទៅទៀត។

ដូច្នេះហើយ លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងអជ្ញាធរមូលដ្ឋាន នៅតែទទូចស្នើសុំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាល សូមជួយសម្របសម្រួលជាមួយ អជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការបង្ខិតឬប្តូរទីតាំងផ្សេង ដើម្បីកុំឱ្យចំបរិវេណសាលារៀនរបស់សិស្ស ។