ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ចំពោះការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. នៅខេត្តព្រះសីហនុ

បន្ទាប់ពីបានចុះត្រួតពិនិត្យការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុនដូចតទៅ
– ត្រូវពិន័យអន្ដរការណ៍ករណីពុំមានកិច្ចសន្យា ការពារ បរិស្ថាន និងលិខិត អនុញ្ញាត បញ្ចេញ សំណល់ ល្មើសនឹងមាត្រា៦៥៤ មាត្រា៦៦៨ មាត្រា ១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងត្រូវរៀបចំ កិច្ចសន្យា ការពារ បរិស្ថាន ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់ និងត្រូវ ស្នេី សុំ លិខិត អនុញ្ញាត បញ្ចេញ សំណល់ ពាក់ព័ន្ធ នឹង បរិស្ថាន
– ត្រូវដំណើរការប្រព័ន្ធសម្អាតផ្សែងឡចំហាយឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជាប់ជាប្រចាំ
– ត្រូវរៀបចំ និងចោះបំពង់ផ្សែងចេញពីឡចំហុយឥដ្ឋសម្រាប់ក្រុមការងារធ្វើការវាស់គុណភាពខ្យល់ចេញពីបំពង់ផ្សែង។

ជាមួយគ្នានេះ ក្រុម ការងារ ក្រសួងបរិស្ថានបន្តសហការជាមួយមន្រ្តីជំនាញនៃមន្ទីរ បរិស្ថាន ខេត្តព្រះសីហនុ តាមដានវិធានការច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុនអនុវត្តចាប់ពីពេលនេះ រហូតដល់ក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់និងបទដ្ឋានបរិស្ថានដេីម្បី ទប់ស្កាត់កុំឱ្យមានការបំពុលបន្តទៀតផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យការបំពុលបរិស្ថានបង្កឡើងដោយក្រុមហ៊ុន ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO., LTD. នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ ជាប្រភេទរោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារសំណង់ (ផលិតឥដ្ឋ) មានបុគ្គលិក និងកម្មករ ៥០នាក់ និងបើកដំណើរការនៅឆ្នាំ២០១៩។ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនបានដំណើរការកន្លងមកនេះ ពុំទាន់មានលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងបរិស្ថាននៅឡើយ។នៅផ្នែកខាងក្រៅក្រុមហ៊ុន មានផ្សែងចេញពីបំពង់ផ្សែងពណ៌ក្រម៉ៅ ពុំមានក្លិននោះទេ។ ដោយឡែកនៅក្នុងទីតាំង ក្រុមហ៊ុនប្រើប្រាស់ឡចំហាយចំនួន១ មានសមត្ថភាព ១០t/h ប្រើប្រាស់ Biomass Pellets ក្នុងបរិមាណប្រហែល ១០តោន/ថ្ងៃ និងបានបំពាក់នូវប្រព័ន្ធ Cyclone សម្រាប់សម្អាតផ្សែង និងមានឡសម្រាប់ចំហុយឥដ្ឋចំនួ ន ៨គ្រឿង។ ក្រុមការងារបន្តពិនិត្យគុណភាពខ្យល់ នៅកន្លែងឡចំហុយឥដ្ឋរបស់ក្រុមហ៊ុន ដែលបំពង់ផ្សែងពុំមានចោះរន្ធ និងមានសភាពក្ដៅខ្លាំង នៅពេលដំណើរការផលិតកម្ម៕