ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងសាកលវិទ្យាល័យជាតិមានជ័យ (ស.ជ.ម.)

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ សាកលវិទ្យាល័យជាតិមានជ័យ ដែលបានប្រារព្ធធ្វើនៅ ទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា រួមទាំង ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ក្នុងនាមជាអាណាព្យាបាលនៅក្នុងវិស័យធានារ៉ាប់រង, និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ និងដាក់ចេញនូវ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ទីផ្សារធានារ៉ាប់រងនៅកម្ពុជា ជាពិសេសដើម្បីធានាថាប្រជាពលរដ្ឋ គ្រប់រូបនឹងទទួលបានការការពារហិរញ្ញវត្ថុតាមរយៈការប្រើប្រាស់សេវាធានារ៉ាប់រង។ស្របតាមផែនការយុទ្ធសាស្ត្រ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងជំរុញការកសាងធនធានមនុស្ស ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រង ប្រកបដោយចីរភាព តាមរយៈការបង្កើនសមត្ថភាពនិស្សិត និងលើកកម្ពស់ការយល់ដឹងស្តីពីការ ធានារ៉ាប់រងជាមូលដ្ឋាន ដែលអនុញ្ញាតឱ្យនិស្សិតត្រៀមខ្លួនរួចរាល់ក្នុងការចាប់យកឱកាសការងារ ក្នុងវិស័យធានារ៉ាប់រង ដែលកំពុងមានសក្តានុពល។
ក្នុងឆ្នាំ២០២៤ ទំហំទីផ្សារនេះ បានរួមចំណែកក្នុងសេដ្ឋកិច្ចត្រឹមប្រមាណ ១,១៣% ប៉ុណ្ណោះ ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែ ២០,៦៥ ដុល្លារអាម៉េរិក តែប៉ុណ្ណោះ។ លើសពីនេះ បើធៀបនឹងប្រទេសក្នុងតំបន់និងលើសកលលោក ទំហំទីផ្សារធានារ៉ាប់រងកម្ពុជានៅមានកម្រិតទាប ដែលបង្ហាញនូវសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ ក៏ដូចជារំលេចនូវចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន រួមមាន៖ កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងកង្វះ មូលធនមនុស្សក្នុងវិស័យធានារ៉ាប់រង ដែលការណ៍នេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសគ្រឹះស្ថានឧត្តមសិក្សា៕