សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា បើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមខ្លួនក្រោមប្រធានបទ «លើកកម្ពស់សុខភាពបន្តពូជ ភរិយា ស្វាមី នាពេលបច្ចុប្បន្ន”

ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា÷  ការរៀបចំឲ្យមានសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជានេះឡើងដែល បញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមបង្កើនសមត្ថភាពជំនាញ វិជ្ជាជីវៈបន្ថែមទៀត។ ជាមួយនឹងអំណរសាទរនេះ យើងមិនអាចបញ្ឈប់ការខិតខំប្រឹងប្រែងបង្កើនសមត្ថភាព របស់យើងទេ ដូចប្រធានបទរបស់សន្និសីទថ្ងៃនេះគឺ “លើកកម្ពស់សុខភាពបន្តពូជ ភរិយា ស្វាមី នាពេល បច្ចុប្បន្ន» យើងត្រូវតែធ្វើឱ្យបានល្អនូវសេវាសុខភាពបន្តពូជនៅកម្ពុជាយើង ដើម្បីកាត់បន្ថយការស្វែងរកសេវាក្រៅប្រទេសកម្ពុជា ដោយត្រូវពឹងផ្អែកទាំងស្រុងលើសមត្ថភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ត្រាចារ្យផ្នែកសម្ភព និងរោគទាំងអស់គ្នានេះ ពីព្រោះករណីលំបាកមានកូន (Infertility) នឹងលែងជា ឧបសគ្គតទៀតទេ លុះត្រាតែយើងត្រូវការដោះស្រាយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដូចប្រធានបទយើងថ្ងៃ នេះ។ ការខិតខំប្រមូលសមាជិកសមាគមឱ្យបានច្រើន ធ្វើការបណ្តុះបណ្តាល ចែករំលែកចំណេះដឹងឱ្យគ្នាទៅ វិញទៅមក ជាកត្តាសំខាន់ និងជួយចូលរួមដោះស្រាយបញ្ហាសុខភាពបន្តពូជ នាពេលអនាគត។

ឯកឧត្តមបន្តថា សន្និសីទនេះគឺពិតជាព្រឹត្តិការណ៍ដ៏ពិសេសវិសាលមួយ ក្នុងការលើកកម្ពស់នូវគុណភាព ចំណេះដឹង ជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើឲ្យមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា។ សកម្មភាពទាំងឡាយដែលសមាគមកំពុងតែធ្វើនេះគឺស្រប និងអនុលោមទៅ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព ប្រជាពលរដ្ឋ ដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ដូចដែលសមាគមបាន និងកំពុងតែធ្វើពេលនេះ។ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កន្លងទៅក្រសួងសុខាភិបាលក៏បានប្រកាស ដាក់ចូលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា និងក៏ចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហា រីកមាត់ស្បូននាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO) ផងដែរ។

តាងនាមឲ្យ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល   ឯកឧត្តម សូមចូលរួមចំណែកជាមួយសមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា ក៏ដូចជាការចូលរួមក្នុងនាម ស្ថាប័នសុខាភិបាល ហើយនឹងការលើកទឹកចិត្តក្នុងវិជ្ជាជីវៈឯកទេសនេះ អនុវត្តការងារប្រកបដោយក្រម សីលធម៌ បច្ចេកទេសទាន់សម័យ និងទទួលខុសត្រូវខ្ពស់ចំពោះស្ត្រី និងជាពិសេសក៏ដូចជាទារក ដែលនឹង ចាប់កំណើតឡើងត្រូវមានកាយសម្បទាមាំមួនល្អ ដែលពួកគាត់គឺជាទំពាំងស្នងឬស្សីរបស់ប្រទេសយើង។ ឯកឧត្តម រដ្ឋលេខាធិការបន្ថែមថា សន្និសីទនេះនឹង ផ្ដល់ឱកាសរួមចំណែកយ៉ាងទូលំទូលាយដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទាំងអស់នូវ ចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅលើសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។

កាលដែល ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា ខាងលើនេះ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ក្នុងរាជធានីភ្នំពេញ៕